នាវាមុជទឹកដឹកមហាសេដ្ឋីបាត់ខ្លួនក្នុងមហាសមុទ្រ មិនទាន់បានរកឃើញនោះទេ
ប្រភពពីបរទេស៖ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញឹកដៃតាមរកនាវាមុជទឹកខ្នាតតូចឈ្មោះ ទីតាន - Titan ដែលបានបាត់តាំងពីព្រឹកថ្ងៃអាទិត្យ នៅពេលនាវានេះដឹកមនុស្សសរុប៦នាក់ ដែលមានភ្ញៀវ៥នាក់ និងអ្នកបើកនាវាម្នាក់ ចុះទៅបាតមហាសមុទ្រអាត្លង់ទិច ជម្រៅជិត៤គីឡូម៉ែត្រ ដើម្បីទស្សនាកម្សាន្តខ្មោចកប៉ាល់ថាយថានិច ដែលលិចទៅបាតសមុទ្ទតាំងពីឆ្នាំ១៩១២។ ភ្ញៀវដែលធ្វើដំណើរនៅក្នុងនាវាសុទ្ធតែជាមហាសេដ្ឋី ឬអ្នកមានមុខ មានមាត់ ដែលត្រូវចំណាយម្នាក់ៗ២៥ម៉ឺនដុល្លារសម្រាប់ការធ្វើដំណើរវិលជុំនេះ។ ការជាប់គាំងជាច្រើនថ្ងៃមកហើយ បានធ្វើឱ្យខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើមនៅក្នុងនាវារលស់បន្តិចម្ដងៗ។ ក្រុមហ៊ុនអូសេនហ្គេត (OceanGate) ដែលជាម្ចាស់នាវាមុជទឹកឈ្មោះទីតាន ប្រាប់ថាក្រៅពីអុកស៊ីហ្សែននៅក្នុងនាវាមុជទឹក គេក៏បានបម្រុងទុកអុកស៊ីហ្សែន៤បំពង់ធំៗទៀតសម្រាប់អ្នកដំណើរដកដង្ហើមនៅក្នុងគ្រាអាសន្ន។
ដូចដែលយើងដឹងស្រាប់ គឺអុកស៊ីហ្សែនមានតែ៤បំពង់ ខណៈដែលអ្នកស្ថិតនៅក្នុងនាវាមានគ្នា៦នាក់។ មិនដឹងថានរណាបានដកដង្ហើមតាមបំពង់នោះ និងអ្នកណាដែលមិនបានដកដង្ហើម។ ម៉្យាងទៀត ការស្វែងរកនៅក្នុងទឹកសមុទ្ទបែបនេះមិនមែនជាការងាយស្រួលទេ។ មិនមែនដូចជាប់គាំងនៅក្នុងរូងភ្នំ ឬនៅក្នុងព្រៃ អាចពន្យារពេលជាច្រើនអាទិត្យ ឬច្រើនខែក៏មិនសូវអីប៉ុន្មានទេ។
ព័ត៌មានចុងក្រោយបង្ហាញថាក្រុមអ្នកជួយសង្គ្រោះរបស់កាណាដា និងអាមេរិក បំពាក់បច្ចេកវិទ្យាទំនើបៗដូចជាឧបករណ៍ស្រូបសំឡេង និងឧបករណ៍សូណា Sonar ដែលមើលធ្លុះដល់បាតសមុទ្ទ។ ពួកគេទទួលបានរលកសញ្ញាជាសំឡេងពីក្រោមសមុទ្ទ ជាសំឡេងគោះរបៀបឱ្យសញ្ញា។ មុនដំបូង គេស្ដាប់ឮសំឡេងគោះនោះរៀងរាល់៣០នាទីម្ដង។ បួនម៉ោងក្រោយមក, គេស្ដាប់ឮសំឡេងគោះម្ដងទៀត។
សំឡេងនេះធ្វើឱ្យគេមានសង្ឃឹមថាអ្នកទាំងនោះនៅរស់នៅឡើយទេ។ ប៉ុន្តែគេមិនដឹងថាតើនាវានោះជាប់កឿងនៅទីកន្លែងណាពិតប្រាកដ។ នេះជាចំណុច១។ ចំណុច១ទៀត ដូចជម្រាបជូនពីខាងដើមស្រាប់។ ចំណុចស្លាប់រស់នៃការជួយសង្គ្រោះនេះគឺខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើម។ ឧបមាថាអ្នកជួយសង្គ្រោះសំកុកយូរពេក។ បីបួនថ្ងៃទៀត ទើបអាចស្រង់នាវានោះឡើងមកលើគោកបាន។ ដូច្នេះ អ្នកស្ថិតនៅក្នុងនាវានោះស្លាប់ដដែល។ ត្រង់ចំណុចនេះហើយដែលអ្នកខ្លះហាក់ដូចជាមានសង្ឃឹមបន្តិច និងហាក់ដូចជាគ្មានសង្ឃឹមបន្តិច។ នេះមិនទាន់គិតទៅដល់អ្នកនៅក្នុងនោះមិនដឹងថាពួកគេដាច់អាហារតាំងពីពេលណាមក។ ពួកគាត់សុទ្ធតែជាមហាសេដ្ឋី និងអ្នកមានមុខ មានមាត់ ដែលធ្លាប់តែបរិភោគអាហារឆ្ងាញ់ៗ។ ដូច្នេះតើពួកគេអាចស៊ូទ្រាំនឹងការដាច់អាហារជាច្រើនថ្ងៃនេះបានដោយរបៀបណា?
ឥឡូវនេះ អាមេរិកបានដាក់ពង្រាយឧបករណ៍១ប្រភេទឈ្មោះយានប្រតិបត្តិការពីចម្ងាយ ឬអ័រអូវី (ROV) តាមរកប្រភពនៃសំឡេងគោះនោះ។ ប្រទេសបារាំងបានបញ្ជូនរ៉ូបូតរបស់ខ្លួនដែលអាចមុជចុះទៅក្រោមទឹកជម្រៅ៦គីឡូម៉ែត្រនឹងទៅដល់នៅថ្ងៃពុធ។ ប៉ុន្តែរ៉ូបូតនេះបើទុកជាអាចជួយស្វែងរកឃើញនាវាទីតាន ក៏មិនអាចជួយអ្វីបានច្រើនប៉ុន្មានដែរពាក់ព័ន្ធនឹងជីវិតរបស់អ្នកស្ថិតនៅក្នុងនាវានោះ។ មូលហេតុដោយសារខ្យល់អុកស៊ីហ្សែនអាចនឹងអស់ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។
សូមរម្លឹកថានាវាទីតានបានមុជចុះទៅបាតសមុទ្ទរយៈពេល១ម៉ោង និង៤៥នាទី ក៏ស្រាប់តែដាច់ការទាក់ទងគ្នាជាមួយនឹងនាវា១គ្រឿងរបស់កាណាដាដែលមានភារកិច្ចជួយសម្រួលដល់ការជ្រមុជនាវា និងការប្រតិបត្តិការដទៃទៀត។
អ្នកដែលស្ថិតនៅក្នុងនាវានោះមាន៖
ទី១- លោកហាមីស ហាតឌីង (Hamish Harding) សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារជនជាតិអង់គ្លេស
ទី២- លោកសាហ្សាដា ដាវូត (Shahzada Dawood) ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន រួមជាមួយកូនប្រុសអាយុ១៩ឆ្នាំ
ទី៣- លោកប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជាអ្នកជំនាញខាងមុជទឹកជនជាតិបារាំង
ទី៤- លោកស្តុកតុន រ៉ាស់ (Stockton Rush) ជានាយកប្រតិបត្តិក្រុមហ៊ុនអូសេនហ្គេត (OceanGate) ដែលជាម្ចាស់នាវាទីតានផ្ទាល់តែម្ដង រួមទាំងមនុស្ស២នាក់ទៀត។
ដោយ៖ កុលាប ស
ប្រភព៖ Reuters និងប្រភពដទៃទៀត
https://www.reuters.com/world/searchers-detect-undersea-sounds-hunt-missing-titanic-sub-2023-06
21/#:~:text=June%2021%20(Reuters)%20%2D%20Rescue,old%20wreck%20of%20the%20Titanic