លោក ហ៊ុយ យ៉ាឡេង ត្រៀមផលិតរឿងគុនខ្មែរ ដែលចំណាយប្រាក់ ១០មុឺនដុល្លារក្នុងការថត
ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង ត្រៀមផលិតភាពយន្ត គុនខ្មែរ ដែលផ្អែកលើរឿងពិតប្រវត្តិសាស្រ្តដូនតាខ្មែរ និង អបអរសាទរដែលគុនខ្មែរមានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។
លោក ហ៊ុយ យ៉ាឡេង បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រឿងគុនខ្មែរ នឹងត្រូវចំណាយទឹកប្រាក់ក្នុងការផលិតប្រមាណខ្ទង់ ១០មុឺនដុល្លារអាមេរិក។ ចំពោះភាពយន្តរឿងគុនខ្មែរនេះ នឹងចាប់ផ្តើមផលិតនៅក្នុងខែឧសភា ឆ្នាំ២០២៣។ ផលិតកររូបនេះ បន្តថា ចំពោះការចំណាយ ១០មុឺនដុល្លារក្នុងការថត អាចផលិតបានសមរម្យចូលទីផ្សារក្រៅស្រុកបាន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ុយ យ៉ាឡេង មិនទាន់បានបង្ហើបពីសមាសភាពតួអង្គ ដែលនឹងត្រូវចូលរួមសម្តែងនៅក្នុងរឿង គុនខ្មែរ នៅឡើយទេ។
កន្លងមក លោកធ្លាប់បានផលិតរឿង គ្រោះជីវិតកូវីដ១៩ ប៉ុន្តែរឿងមួយនេះ ហាក់មិនសូវទទួលបានជោគជ័យឡើយ។ គួរឱ្យដឹងថា លោក ហ៊ុយ យ៉ាឡេង ធ្លាប់បានផលិតនិងដឹកនាំរឿងជាច្រើនកន្លងមក ដែលស្នាដៃនៃការផលិតកុនល្បីៗរបស់លោក រួមមានរឿង ខ្មោចដើមចេកជ្វា រឿងវិកលចរិក និងរឿងធ្មប់៕
ដោយ៖ សីហរិទ្ធ