ដើមខែមីនា ២០២៣ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល រីកមុខដូចគ្រាប់ជី
ភ្នំពេញៈ អនុក្រឹត្យលេខ៤៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្ថែមរបបសន្តិសុខសង្គម អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នឹងត្រូវអនុវត្តចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះតទៅហើយ ពោលគឺចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះតទៅ ប្រាក់សោធននិវត្តន៍ ឬ ប្រាក់ខែរបស់និវត្តជនទាំង ២ ប្រភេទនេះ នឹងត្រូវបានដំឡើង ហើយអ្វីដែលកាន់តែគួរឱ្យរំភើបថែមទៀត គឺនៅដើមខែមីនា នេះ ប្រាក់ដំឡើងរបស់ពួកគាត់ក៏ត្រូវបានបើករំឭកជូន ចាប់ពីខែកមរា និងខែកុម្ភៈ ផងដែរ ។ ហេតុនេះ នៅក្នុងពេលបើកប្រាក់សោធននិវត្តន៍លើកទី១ នៃ ខែមីនា ឆ្នាំ២០២៣ នេះ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នឹងទទួលបានប្រាក់ច្រើនលើសពេលណាៗទាំងអស់ ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដែលជាស្ថាប័នអនុវត្តនូវអនុក្រឹត្យនេះ បានពន្យល់អំពីនីតិវិធី នៃការបើកប្រាក់បន្ថែមនោះថា « ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលមានប្រាក់សោធននិវត្តន៍ចាប់ពី ៦៩ ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ ៧៧ ម៉ឺនរៀល ក្នុង ១ ខែ ដែលបានសេចក្តីថ ដំឡើងជូន ៨ ម៉ឺនរៀលក្នុង ១ ខែ ។ ដូច្នេះខែមករា និង ខែកុម្ភៈ ប្រាក់ដំឡើង ត្រូវជា ១៦ ម៉ឺនរៀល បន្ថែមដោយប្រាក់បន្ថែម ឬ ប្រាក់ដំឡើង ៤ ម៉ឺនរៀល សម្រាប់ការបើកប្រាក់លើកទី ១ នៃ ខែមីនា នេះផង ពួកគាត់ នឹងទទួលបានប្រាក់ដំឡើងចំនួន ២០ ម៉ឺនរៀល ។ ចំណែកនីតិវិធី នៃ ការបើកប្រាក់បន្ថែមសម្រាប់ ៣ កម្រិតផ្សេងទៀត ក៏មានលំនាំដូចគ្នានេះដែរ គឺខុសគ្នាតែចំនួនទឹកប្រាក់ដែលត្រូវបានបន្ថែមជូនប៉ុណ្ណោះ » ។
ឯកឧត្តម ឈួរ សុបញ្ញា បានឱ្យដឹងបន្ថែមថា ដើម្បី អនុវត្តនូវអនុក្រឹត្យលេខ៤៥ នេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្ថែកញ្ចប់ថវិកាប្រមាណជា ១៦០ ពាន់លានរៀល ឬ ប្រមាណជា ៤០ លានដុល្លារអាម៉េរិក សម្រាប់តែប្រាក់ដំឡើង នៅក្នុងឆ្នាំ២០២៣ នេះ គឺជាអ្វីដែលឯកឧត្តម ឈួរ សុបញ្ញា បកស្រាយថ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះនិវត្តជនទាំង ២ ប្រភេទ ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ។
សូមជម្រាបថា តាមរយៈអនុក្រឹត្យលេខ៤៥ នេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានដំឡើងជា ៤ កម្រិតគឺ កម្រិត១ ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលមានប្រាក់សោធននិវត្តន៍ចាប់ពី ៦៩ ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ ៧៧ ម៉ឺនរៀល ក្នុង ១ ខែ ។ កម្រិតទី២ ប្រាក់សោធននិវត្តន៍ក្នុងចន្លោះ ចាប់ពី ៧៧ ម៉ឺន ១ រៀល ត្រូវបន្ថែមឱ្យដល់ ១ លានរៀល ។ កម្រិតទី៣ប្រាក់សោធននិវត្តន៍ចាប់ពី ១ លាន ១ រៀល ដល់ ១ លាន ១ ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ ១ លាន ២ ម៉ឺនរៀល ក្នុង ១ ខែ ។ កម្រិតទី៤ ប្រាក់សោធននិវត្តន៍ចាប់ពី ១ លាន ១ ម៉ឺន ១ រៀល ឡើងទៅ ត្រូវបន្ថែមជូន ១ ម៉ឺនរៀល ក្នុង ១ ខែ ដែលតាមរយៈការអនុវត្តអនុក្រឹត្យនេះ ធ្វើឱ្យចាប់ពីខ្មែរ មីនា ឆ្នាំ២០២៣ នេះតទៅ ប្រាក់សោធននិវត្តន៍អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនទាបបំផុតក៏ ៧៧ ម៉ឺនរៀល ក្នុង ១ ខែ ៕
ដោយៈ រាជ មេសា