មុខរបរចិញ្ចឹមមាន់កំពុងផ្តល់ផលយ៉ាងសមរម្យដល់ប្រជាសហគម៍ដានរុន ខេត្តសៀមរាប
ភ្នំពេញៈ ជូតក្បាលដោយក្រមា និងពាក់អាវក្រឡា ដ៏មានទុពលភាពបន្តិច ស្លៀកសំពត់ផ្កាពណ៌ភ្លឺស្រស់ អ្នកស្រី ភឿន ស៊ន់ សម្បុរខ្មៅស្រអែម វ័យប្រមាណជា ៥០ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានរៀបរាប់ដោយសំឡេងរដឺនៗ ប៉ុន្តែទន់ភ្លន់ និងច្បាស់ៗ ដោយទឹកមុខញញឹមយ៉ាងស្រទន់អំពីការចិញ្ចឹមមាន់របស់គាត់ថា « កាលពីមុនគ្រួសាររបស់ខ្ញុំចិញ្ចឹមមាន់ត្រឹមតែមេ ៤-៥ ក្បាល ហើយចិញ្ចឹមតាមប្រពៃណី ទៅតាមទម្លាប់ដែលធ្លាប់បានធ្វើពីបុរាណមក គឺព្រលែងឱ្យដើរស៊ីចំណីតាមធម្មជាតិរបស់ពួកវា ពាសវាលពាសកាល ។ ហេតុនោះ មិនបានគាប់ ឬ កាក់កបទេ គឺជួនកាលក៏បានមាន់ខ្លះ ជួនកាលក៏ងាប់អស់ តាមហេងស៊យ » ។
អ្នកស្រី ភឿន ស៊ន់ ដែលកំពុងរវល់មាញញឹមនឹងហាន់ដើមចេក លាយជាមួយស្លឹករុក្ខជាតិ និងអាហារបំប៉នខ្លះទៀត ដើម្បី ផលិតជាចំណីមាន់បណ្តើរ ឆ្លៀតឆ្លើយនឹងសំណួរបណ្តើរថា « ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ខ្ញុំចេះរបៀបធ្វើវ៉ាក់សាំង របៀបលាយផលិតចំណី គឺជារួម គឺខ្ញុំចេះចិញ្ចឹមមាន់តាមបច្ចេកទេស ខ្ញុំចិញ្ចឹមមាន់មេ ២០ ក្បាល មាន់បា ៣ ក្បាល មាន់សាច់ដែលនឹងល្មមលក់ឆាប់នេះ ១៣០ ក្បាល ហើយកូនមាន់ដែលទើបតែដាក់ចំនួន ១៥០ ក្បាល » ។
កំពុងត្រូវបានចោមរោមយ៉ាងប្រញាយ ដោយមាន់ជំទង់មួយហ្វូង ស្រ្តី នៃទឹកដីអតីតមហាចក្រភពខ្មែរ ភឿន ស៊ន់ ដែលដៃកំពុងដាក់ចំណីឱ្យមាន់ បានរលាស់វាចាប្រកបដោយភាពកក់ក្តៅថា « បច្ចុប្បន្ននេះ ក្នុង ១ ខែ ខ្ញុំលក់មាន់ចេញ ចន្លោះពី ៦០ ទៅ ៨០ ក្បាល ។ បន្ទាប់ពីទូទាត់ទៅលើការចំណាយផ្សេងៗមក ក្នុង ១ ខែ ខ្ញុំចំណេញបានពី ៤០ ម៉ឺន ទៅ ៥០ ម៉ឺនរៀល ។ ចំនួននេះ មិនអាចយកទៅធ្វើមានធ្វើបាន ទិញឡាន ឬទិញអី្វធំដុំក៏ពិតមែន ប៉ុន្តែវាពិតជាបានជួយសម្រួលជីវភាពរបស់គ្រួសារខ្ញុំយ៉ាងច្រើន ខ្ញុំចាកផុតពីភាពក្រីក្រ គ្រសារខ្ញុំមានម្ហូបអាហារគ្រប់គ្រាន់ មានលុយកាក់សម្រាប់កូន និងចៅទៅសាលា និងមានលុយកាក់សម្រាប់ធ្វើបុណ្យទាន និងកម្មវិធីផ្សេងៗក្នុងភូមិ » ។
អ្នកស្រី ភឿន ស៊ន់ ដែលកំពុងយករងើកភ្លើងដាក់កន្ធុន ឬ ចានដែកមួ រួចរុញបញ្ចូលពីក្រោមទ្រុងកូនមាន់តូចៗ និងរៀបរាប់ដោយទឹកញញឹមតិចៗថា « កត្តាសំខាន់ៗគឺត្រូវថែរក្សាពួកវា តាំងពីតូចរហូតដល់ធំ គិតទាំងអាកាសធាតុ ពោលគឺពេលពួកវានៅតូច ព្រឹកឡើងយើងត្រូវដាក់ភ្លើងកម្តៅ ទ្រុងការពារ ធ្វើអនាម័យជីវសុវត្ថិភាព ធ្វើវ៉ាក់សាំង និងថែទាំចំណីឱ្យបានត្រឹមត្រូវ គឺជាចំណីដែលធ្វើឱ្យមាន់លូតលាស់ល្អ និងសុខភាពល្អ ។ កាលណាយើងធ្វើបែបនេះបាន មិនមែនថា មាន់មិនមានបញ្ហាទេ គឺមានបញ្ហាខ្លះដែរ ដូចជាជួនកាលមាន់សំកុក ឬ រាគរូសបន្តិចបន្តួច ។ ប៉ុន្តែរាល់បញ្ហាទាំងនោះយើងសុទ្ធតែអាចដោះស្រាយបាន ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនបានអនុវត្តនូវកត្តាសំខាន់ៗទាំងប៉ុន្មាននេះទេ ពេលមាន់មានបញ្ហាអ្វីម្យ៉ាងនោះ អាចនឹងពិបាកដោះស្រាយ ពោលគឺអាចងាប់មាន់ខូចខាតអស់ »។
តាមពិតទៅ អ្នកស្រី ភឿន ស៊ន់ គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ ពោលគឺនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិបេង ឃុំដានរុន នេះ ដែលប្រកបមុខរបរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ប៉ុន្តែមានបច្ចេកទេស ហើយក៏ទទួលបានផលប្រហាក់ប្រហែលគ្នាទៅនឹងអ្នកស្រី ភឿន សន់ ដែរ ។
ចំពោះទីផ្សារវិញ អ្នកស្រី ភឿន ស៊ន់ ក៏ដូចជាកសិករដទៃទៀត នៃភូមិដានរុន នេះដែរ គឺមិនដែលចោទជាបញ្ហាឡើយ ដ្បិតនៅទីនេះមានចងក្រងជាសហគមន៍ ហើយសហគមន៍គឺជាអ្នកដើរប្រមូលទិញយកទៅលក់បន្តឱ្យឈ្មួញ ។ ម្យ៉ាងទៀតសោត តាមដែលបានកត់សម្គាល់កន្លងមក មាន់របស់កសិករសហគមន៍ដានរុន នេះ ទទួលបានការពេញនិយមបរិភោគពីអតិថិជនខ្លាំងណាស់ ពីព្រោះមាន់ចិញ្ចឹមដោយមានបច្ចេកទេសក៏ពិតមែន ប៉ុន្តែគឺជាបច្ចេកទេសបែបធម្មជាតិ ធ្វើឱ្យមាន់មានសុខភាពល្អ មានសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ ហើយថែមទាំងមានរសជាតិឆ្ងាញ់ ។
សូមជម្រាបថា ការចិញ្ចឹមមាន់ជាលក្ខណៈបច្ចេកទេសនៅតាមគ្រួសាររបស់ប្រជាសហគមន៍ដានរុន នេះ ត្រូវបានផ្តល់ការបណ្តុះបណ្តាល និងជួយជ្រោមជ្រែងដោយអង្គការ ហ្ក្រេត ៕
អត្ថបទៈ រាជ មេសា
រូបភាពៈ អង្គការហ្ក្រេត