ចូរញាំផ្លែឈើរបស់អ្នកទៅ
មានសិស្សរៀនមន្តអាគមជាច្រើនក្នុងពេលមួយនោះ បានរិះគន់គ្រូវេទមន្តរបស់ខ្លួនថា៖ “ជារឿយៗលោកគ្រូបាន និទានប្រាប់យើងខ្ញុំអំពីរឿងនានា ប៉ុន្តែហេតុអ្វីបានជាលោកគ្រូមិនព្រមបកស្រាយនូវខ្លឹមសារនៃរឿងទាំងនោះ អញ្ចឹង?” គ្រូវេទមន្តក៏បានតបទៅវិញថា៖ “ តើឯងរាល់គ្នារីករាយពេញចិត្តដែរឬទេ បើសិនមាន នរណាម្នាក់ឱ្យផ្លែ ឈើទៅឯង តែគេបែរជាទំពារវាឱ្យអស់រសជាតិទៅហើយ ទើបឱ្យឯងរាល់ គ្នានោះ តើឯង គិតថាម៉េចដែរ?”
ចូររៀនមើលពិភពលោកដោយទស្សនៈវិស័យរបស់អ្នក។ អ្នកមិនអាចអង្កេតមើលពិភពលោកតាមរយៈកែវភ្នែករបស់អ្នកដទៃបាននោះទេ។
កំហុសដ៏អាក្រក់របស់មនុស្ស គឺតែងចង់ឱ្យអ្នកដទៃគិតជំនួសខ្លួន។ តើនរណាជាអ្នកកំណត់វាសនាអនាគតរបស់អ្នក?
ដោយ ៖ សុធារ៉ា