ការប្រឡងឌីប្លូមសាលាបាលី បញ្ចប់ទៅដោយរក្សាបានយ៉ាងល្អនូវសុចរិតភាពរបស់ខ្លួន
ភ្នំពេញៈ ភិក្ខុ ព្រះសង្ឃលង្ការមុនី យ៉ន កុសល ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានព្រះថេរដីកា ប្រាប់ ផ្កាស្លា តាមតេឡេហ្ក្រាម នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃ ការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមសាលាបាលី ឆ្នាំ២០២៣ នេះថា « ការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមសាលាបាលី នាឆ្នាំ២០២៣ នេះ បើទោះបីជាថា ពុំមែនល្អឥតខ្ចោះក៏ដោយ ក៏ទិដ្ឋភាពជារួម បានប្រព្រឹត្តទៅដោយល្អ គឺល្អទាំងអគ្គានុរក្ស ទាំងគណៈកម្មការ និងមន្ត្រីប្រឡង ទាំងបេក្ខសមណៈ-បេក្ខជន គឺសុទ្ធតែបានអនុវត្តនូវវិន័យប្រឡងបានល្អ » ។
ក្នុងន័យនេះ ព្រះមហាសមណៈ យ៉ន កុសល ចង់បង្កប់សេចក្តីថា ការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមសាលាបាលីនៅឆ្នាំនេះ ក៏មានអ្នកមានបំណងប៉ុនប៉ងប្រព្រឹត្តបំពានបញ្ញត្តិ នៃការប្រឡងដែរ គឺទាំងមន្ត្រីប្រឡង ទាំងបេក្ខសមណៈ គ្រាន់តែថា មានចំនួនតិចតួចប៉ុណ្ណោះ គឺតិចតួចបំផុត ហើយត្រូវបានទប់ស្កាត់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងអនុវត្តនូវខទាំងឡាយ នៃ បទបញ្ញត្តិសម្រាប់ការប្រឡងដែលនៅជាធរមាន ដែលបើនិយាយាឱ្យស្តាប់ថា ពុំមានការយោគយល់ឡើយ ។
សូមជម្រាបថា ការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមសាលាបាលី នាឆ្នាំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃពេញ គឺថ្ងៃទី១ ទី២ និង ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុង ៣ មណ្ឌល គឺមណ្ឌលភ្នំពេញ មណ្ឌលបាត់ដំបង និង មណ្ឌលកំពង់ចាម ចែកចេញជា ៤៨ បន្ទប់ មានបេក្ខសមណៈសរុប ១ ១៩០ អង្គ ។
ចំណែកវិញ្ញាសាឆ្នាំ២០២៣ នេះ មានចំនួន ១៣ វិញ្ញសា គឺភាសាបាលី ភាសាខ្មែរ គីមីវិទ្យា ព្រះវិន័យ និងអភិធម្ម ភាសាសំស្ក្រឹត រូបវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា គណិតវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស ប្រវត្តិវិទ្យា សីលធម៌ និង ពលរដ្ឋវិទ្យា ៕
ដោយ ៖ រាជ មេសា