មូលហេតុទឹកប្រាក់ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់កូវីដ-១៩ ប្រែប្រួលចាប់ពីខែមករា ២០២៣
ភ្នំពេញៈ ចំនួនទឹកប្រាក់ នៃ គ្រួសារខ្លះដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងមានការប្រែប្រួលចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ ពោលគឺទឹកប្រាក់ នៃ គ្រួសារខ្លះនឹងថយចុះបន្តិច ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ មូលនិធិជាតិជំនួយសង្គម បានពន្យល់ថា « ការថយចុះនេះ ពុំមែនជាបញ្ហាអ្វីផ្សេងមិនប្រក្រតីទេ ប៉ុន្តែគឺដោយសារការកើនឡើង ១ ឆ្នាំ នៃ អាយុ របស់កុមារនៅក្នុងគ្រួសារទាំងនោះ ពោលគឺគ្រួសារខ្លះ កាលពីឆ្នាំ២០២២ មានកូនអាយុ ៥ ឆ្នាំ ។ លុះចូលដល់ឆ្នាំ២០២៣ កុមារទាំងនោះទៅជាមានអាយុ ៦ ឆ្នាំ ។ ពេលនោះ ប្រព័ន្ធនឹងគណនា ទៅតាមគោលការណ៍ដែលមានស្រាប់ ទើបទឹកប្រាក់ដែលកុមារទាំងនោះទទួលបាន ត្រូវថយចុះបន្តិច ហើយជាលទ្ធផល ធ្វើឱ្យចំនួនទឹកប្រាក់ដែលគ្រួសារទាំងនោះទទួលបាន ក៏ថយចុះបន្តិចដែរ » ។
ទន្ទឹមនឹងការថយចុះទឹកប្រាក់ នៃ គ្រួសារខ្លះនេះទៅ ចំនួនទឹកប្រាក់ នៃគ្រួសារខ្លះ បែរជាបានកើនឡើងទៅវិញ ហើយការកើនឡើងនោះទៀតសោត ក៏គឺពុំមែនដោយសារកត្តាអ្វីផ្សេងដែរ គឺដោយសារតែមនុស្សចាស់នៅក្នុងគ្រួសារទាំងនោះ បានកើនអាយុ ១ ឆ្នាំ ធ្វើឱ្យពួកគាត់ទៅជាមានអាយុ ៦០ ឆ្នាំ ទើបទឹកប្រាក់ដែលពួកគាត់ទទួលបាន ក៏កើនឡើងតាមនោះដែរ ។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការបស់ខ្លួនសុទ្ធសាធ អស់ប្រមាណជាជាង ៩៥០ លានដុល្លាអាម៉េរិក ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ឈួរ សុបញ្ញា ដដែល ៕
ដោយៈ រាជ មេសា