ជីវិតអ្នករើសអេតចាយ
នៅក្នុងសង្គមខ្មែរសព្វថ្ងៃ យើងសង្កេតឃើញមានអ្នកដើររើសអេតចាយ តាមដងផ្លូវ ដើម្បីដូរយកប្រាក់ចិញ្ចឹមក្រពះ។ ការងារនេះ មិនសូវមានឱ្យតម្លៃទេ ប៉ុន្តែយ៉ាងហោចណាស់ជាការងារស្របច្បាប់ ដោយមិនទៅលួច ឆក់ ប្លន់អ្នកណាម្នាក់ឡើយ។
គេសង្កេតឃើញមានអ្នករើសអេតចាយមួយចំនួន នៅក្រុងភ្នំពេញដើរពីព្រឹក ដល់ យប់ ដើម្បីរើសអេតចាយនៅតាមផ្លូវ និងខ្លះទៀតកាយរកនៅតាមធុងសំរាមនានា។ ជីវិតជាអ្នករើសអេតចាយ ជួបប្រទះការលំបាក និង ត្រូវគេមើលងាយដោយសារតែសម្លៀកបំពាក់មិនស្អាតបាត ដោយសារតែភាពក្រីក្រ។
ទោះបីជាព្រេងវាសនា កំណត់ឱ្យអ្នកទាំងនោះជាអ្នករើសសំរាមក្តី ប៉ុន្តែពួកគេនៅតែជំនះ តស៊ូ មិនចុះចាញ់នឹងព្រហ្មលិខិត។ តាមការឱ្យដឹងពីអ្នករើសអេតចាយម្នាក់ រស់នៅក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមការងារ ផ្កាស្លាធីវី ថា “សព្វថ្ងៃ លោកប្រកបការងារជាអ្នករើសអេតចាយនេះអស់រយៈពេល ៥ឆ្នាំមកហើយ។ ប្រាក់ដែលទទួលបានពីរបររើសអេតចាយនេះ ទុកគ្រាន់ទិញបាយហូប ៣ពេល ថ្ងៃខ្លះមិនគ្រប់ហ្នឹងទិញបាយហូបផង។ ប៉ុន្តែនេះជាការងារមួយគត់ដែលលោកអាចធ្វើបាន ដើម្បីចិញ្ចឹមជីវិត”។
អ្នករើសអេតចាយខាងលើ បានថ្លែងបន្តថា “លោក ដើររើសសំបកកំប៉ុងតាមផ្លូវ និង កាយរកតាមធុងសំរាមនានា។ ក្នុងមួយថ្ងៃចំណូលពីការរើសអេតចាយ បានខ្ទង់ពី ៦ពាន់ ទៅ ៨ពាន់រៀលប៉ុណ្ណោះ”។ រកប្រាក់បានតិចតួចប៉ុន្តែនេះ ជាការងារមួយសុច្ចរិត ទៀងត្រង់ យកកម្លាំងដើម្បីទៅប្តូរ ពិតជាគួរឱ្យកោតសរសើរនូវភាពអំណត់ និងការតស៊ូ។
ដូចនេះ ប្អូនៗដែលមានកាយសម្បទាគ្រប់គ្រាន់ មានកម្លាំងពេញលេញ គប្បីខិតខំរៀនសូត្រ និង ប្រកបការងារណាដែលមិនផ្ទុយពីច្បាប់ និង បង្កការឈឺចាប់ដល់អ្នកដទៃ។ តួយ៉ាងដូចជាការលួច ឆក់ ប្លន់ជាដើមសុទ្ធសឹងជាការងារល្មើសច្បាប់ ហើយប្រសិនបើសមត្ថកិច្ចចាប់បាន នឹងមានទោសត្រូវជាប់ គុក ជាប់ច្រវ៉ាក់ ខូចអនាគតថែមទៀតផង៕
អត្ថបទ៖ សីហរិទ្ធិ