បណ្ឌិតសង្ឃខ្មែរ និងបណ្ឌិតសង្ឃមីយ៉ាន់ម៉ា ប្រែក្លាយទៅជាកិច្ចសហការកម្រិតស្ថាប័នឆ្លងប្រទេស
ដោយព្រះភក្ត្រយ៉ាងរីករាយទន់ភ្លន់ព្រះភិក្ខុបណ្ឌិត ធម្មសាមី ដែលជាជនជាតិមីយ៉ាន់ម៉ា បានមានព្រះថេរដីកាថា « តាំងពីបានក្លាយជាមិត្តជាមួយព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត មក ខ្ញុំព្រះករុណា អាត្មាភាព តែងតែមានអារម្មណ៍ថា ប្រទេសកម្ពុជា គឺជាផ្ទះទី២ របស់ខ្ញុំព្រះករុណាអាត្មាភាព » ។
ភិក្ខុព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ តំណាងសម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ បានមានព្រះថេរីដីកាសាទរយ៉ាងសោមនស្សថា ទំនាក់ទំនងរវាងបណ្ឌិតសង្ឃលំដាប់ពិភពលោកទាំង២ រូប គឺព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត នៃ កម្ពុជា និងព្រះភិក្ខុបណ្ឌិត ធម្មសាមី នៃ មីយ៉ាន់ម៉ា ពិតជាគួរឱ្យកោតសរសើរយ៉ាងក្រែលែង ហើយថា ព្រះអង្គ ធ្លាប់បានជួបព្រះភិក្ខុបណ្ឌិត ធម្មសាមី បាន ៣ លើក ចំណែកព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ធ្លាប់បានស្គាល់ និងធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ ។ អ្វីដែលកាន់តែគួរឱ្យសរសើរដល់បណ្ឌិតសង្ឃទាំង ២ រូប ថែមទៀតនោះ គឺព្រះអង្គ បានប្រែក្លាយពីទំនាក់ទំនងមិត្តភាពផ្ទាល់ខ្លួនមកជាទំនាក់ទំនងថ្នាក់ស្ថាប័ន និងថ្នាក់ឆ្លងប្រទេស ដែលនឹងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាពិសេសសមណនិស្សិត និងនិស្សិត ។
គួរជម្រាបជូនថា វិទ្យាស្ថានចិត្តវិជ្ជាពុទ្ធសាសនា នៃ ប្រទេសមីយ៉ាន់ម៉ា ដែលមានព្រះភិក្ខុបណ្ឌិត ធម្មសាមី ជាស្ថាបនិក មានបណ្តុះបណ្តាលតែផ្នែកចិត្តវិជ្ជាពុទ្ធសាសនា មួយមុខ ហើយពេលនេះ មានគម្រោងបណ្តុះបណ្តាលតែ ២ កម្រិតប៉ុណ្ណោះ គឺកម្រិតអនុបណ្ឌិត និងបណ្ឌិត ចំណែកពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និងមានកិត្តិនាមជាងគេនៅកម្ពុជា ហើយជំនាញដែលសិក្សានៅទីនោះមានជាច្រើនជំនាញហើយក៏មានផ្នែកអាណាចក្រផងដែរដែលបច្ចុប្បន្ននេះមានបណ្តុះបណ្តាលកម្រិតបរិញ្ញបត្រ និងអនុបណ្ឌិត ហើយគ្រោងនឹងដំណើរការថ្នាក់បណ្តិតក្នុងពេលឆាប់ៗ ៕
ដោយ ៖ រាជ មេសា