តម្លៃស៊ុតមាន់ធ្លាក់ចុះជិតដល់ក្រោមថ្លៃដើមចិញ្ចឹម ហើយនឹងបន្តធ្លាក់ទៀត
ភ្នំពេញៈ ថ្លែងប្រាប់ ផ្កាស្លា តាមតេឡេហ្ក្រាម ពីខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ លោក ជាម លុយ តំណាងកសិករចិញ្ចឹមមាន់យកស៊ុត បានរៀបរាប់ទាំងស្រងូតស្រងាត់ថា « ឥឡូវនេះស៊ុតលេខ ១ ក្នុង ១ គ្រាប់ តម្លៃ ៣៩០ រៀល , លេខ ២ តម្លៃ ៣៧០ រៀល និង លេខ ៣ តម្លៃ ៣៣០ រៀល ក្នុង ១ គ្រាប់ ។ តម្លៃនេះ បានធ្លាក់ជិតដល់ក្រោមថ្លៃដើមចិញ្ចឹមព្រោះថ្លៃដើមចិញ្ចឹម ១ គ្រាប់តម្លៃ ៣៥០ រៀល ពោលគឺកសិករចិញ្ចឹមមាន់យកស៊ុតនៅកម្ពុជា បានចូលមកដល់ដំណាក់កាលដែលជិតនឹងខាតដើមហើយ គឺធ្លាក់ចុះដូចក្តីបារម្ភដែលកសិករបានមើលឃើញកាលពីប៉ុន្មានថ្ងៃមុននោះមែន ពោលគឺស៊ុតធ្លាក់ថ្លៃមកដល់ក្រោមថ្លៃដើមចិញ្ចឹមនេះ ដោយសារតែស៊ុតយ៉ាងច្រើនកំពុងត្រូវបានសម្រុកនាំចូលពីប្រទេសជិតខាងដោយខុសច្បាប់ ។ កសិករមើលឃើញថា តម្លៃនេះ នឹងនៅតែធ្លាក់ចុះតទៅទៀត ដោយសារស៊ុតខុសច្បាប់ទាំងនោះ នៅតែត្រូវបាននាំចូលដោយគ្មានការទប់ស្កាត់ » ។
គួររំឭកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កសិករចិញ្ចឹមមាន់យកស៊ុត ជាម លុយ ធ្លាប់បានប្រាប់ ផ្កាស្លា ថា កាលនោះគិតជាមធ្យមស៊ុតមាន់លេខ ១ ក្នុងគ្រាប់តម្លៃ ៤២០ រៀល , លេខ ២ តម្លៃ ៤០០ រៀល និង លេខស៊ុតលេខ ៣ តម្លៃ ៣៧០ រៀល ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភ ហើយបារម្ភយ៉ាងខ្លាំងទៀតផងនោះគឺ កសិករកំពុងមើលឃើញថា តម្លៃស៊ុត នឹងធ្លាក់ចុះ ហើយនឹងធ្លាក់ចុះយ៉ាងខ្លាំងទៀតផង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។
លោក ជាម លុយ បានបញ្ជាក់បន្ថែមថា អ្វីដែលជាកត្តានាំឱ្យស៊ុតមាន់ក្នុងស្រុក មិនអាចប្រកួតប្រជែងជាមួយស៊ុតនាំចូលពីប្រទេសជិតខាងបាន ដោយសារតែស៊ុតទាំងនោះមាន ២ ប្រភេទ គឺទី១ ជាស៊ុតនាំចូលដោយគ្មានច្បាប់ ទើបស៊ុតទាំងនោះ អាចលក់ក្នុងតម្លៃទាបជាងទីផ្សារ ហើយទី២ គឺស៊ុតខ្លះ គឺជាស៊ុតហួសកាលបរិច្ឆេទបរិភោគប្រើប្រាស់ ទើបពួកគេចេះតែលក់ឱ្យតែអស់ពីស្តុក ដែលបើនិយាយម្យ៉ាងទៀតថា ប្រសិនបើស៊ុតទាំងនោះ គឺជាស៊ុតមិនទាន់ខូចគុណភាព និង ជាស៊ុតនាំចូលដោយមានច្បាស់ត្រឹមត្រូវនោះ មិនចោទជាបញ្ហាសម្រាប់ស៊ុតក្នុងស្រុកប្រកួតប្រជែងឡើយ ។
ស្តែងចេញពីក្តីបារម្ភនេះ លោក ជាម លុយ តំណាងឱ្យកសិករចិញ្ចឹមមាន់យកស៊ុត បានសំណូមពរយ៉ាងទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាធ្វើយ៉ាងណា ទប់ស្កាត់ឱ្យខាងតែបាននូវកានាំស៊ុតខុសច្បាប់ និង ស៊ុតខូចគុណភាព ឬ ហួសកាលបរិច្ឆេទ ពុំនោះទេ កសិករចិញ្ចឹមមាន់យកស៊ុត មុខជានឹងជួបទុក្ខធ្ងន់ជាក់ជាមិនខាន ពីព្រោះចំណីសត្វពុំបានចុះថ្លៃឡើយ ៕
ដោយៈ រាជ មេសា