ទូតឥណ្ឌា ចង់ឃើញនិស្សិតខ្មែរទៅសិក្សានៅឥណ្ឌាកាន់តែច្រើនថែមទៀត
ភ្នំពេញៈ នាឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនរាជ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលម៉ិញនេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាកេដ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា « តាំងពីពេលដែលខ្ញុំត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា មកម៉្លេះ ខ្ញុំបានជួប ហើយក៏បានពិភាក្សា ជាមួយបណ្ឌិត យ៉ន សេងយៀត និងព្រមព្រៀងគ្នាថា នឹងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជឡើង គឺជាសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនេះឯង ហើយពុំមែនជារឿងចៃដន្យទេ ពោលគឺវាបានកើតចេញពីឆន្ទៈយ៉ាងច្បាស់លាស់ » ។
លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាកេដ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនម្នាក់បានលើកឡើងអំពីទំនាក់ទំនង កម្ពុជា និងឥណ្ឌា ដែលធ្លាប់មាននឹងគ្នាតាំងពីរាប់ពាន់ឆ្នាំមកហើយ ជាពិសេស តាមរយៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហើយថាហេតុនេះស្ថានទូតឥណ្ឌា បានចាត់ទុកពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលជាស្ថាប័នឈានមុខគេ វិស័យពុទ្ធិកសិក្សានៅកម្ពុជា នេះ ថាជាស្ពានដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា ហើយថាស្ថានទូតឥណ្ឌា ក៏ដូចជាលោកជំទាវបណ្ឌិតផ្ទាល់ ចង់ឃើញ ហើយរំពឹងយ៉ាងមុតមាំថា នឹងមាននិស្សិតខ្មែរ ទៅសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសឥណ្ឌា កាន់តែច្រើនថែមទៀត ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។
បើទោះបីជាបណ្ឌិតសង្ឃ មិនសូវបានវោហា ភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានមានព្រះថេរដីកាថា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាពេលនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់សមណនិស្សិត និងនិស្សិតប្រុសស្រី នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដ្បិតថា ទោះសិក្សាមុខជំនាញអ្វី ក៏សុទ្ធតែត្រូវការកុំព្យូទ័រ ព័ត៌មានវិទ្យា ហើយសម័យឌីជីថលនេះ គេមិនអាចខ្វះចំណេះដឹងផ្នែកព័ត៌មានវិទ្យានេះបានទេ ។
សូមជម្រាបថា គម្រោងមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវបានសម្ពោធនៅពេលនេះ មានតម្លៃជាទឹកប្រាក់សរុប ៥ ម៉ឺនដុល្លារ ដែលជាថវិកាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ៕
ដោយ៖ រាជ មេសា