សមាគមអ្នកចិញ្ចឹមសត្វសូមឱ្យប្រុងប្រយ័ត្នចំពោះសាច់បង្កក
ភ្នំពេញៈ តាមរយៈគេហទំព័រផ្លុវការរបស់ខ្លួន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ផ្ញើសារថា « សាច់បង្កក ដែលក្នុងនោះមានសាច់ជ្រូក មាន់ ទា ភាគច្រើននាំចូលពីប្រទេសប្រេស៊ីល ចំណែកសាច់គោ និងសាច់ក្របី នាំចូលពីប្រទេសឥណ្ឌា ត្រូវបានដឹកតាមកប៉ាល់ចូលមកកម្ពុជា តាមប្រទេសវៀតណាម ។ គុណវិបត្តិរបស់សាច់បង្កក គឺពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេ ព្រោះបើយកទៅបង្កកឡើងវិញ ដូចជាយកទៅដាក់ក្នុងទូទឹកកកជាដើមនោះ វាបាត់បង់គុណភាព ។ សាច់បង្កកអាចរក្សាទុកបានប្រហែលជា ១ ឆ្នាំកន្លះ ដោយគេដាក់សាធាតុមួយចំនួន ដើម្បី រក្សាគុណភាព និងពណ៌របស់សាច់ ។ នៅពេលសាច់បង្កកជិតផុតពេលកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ » ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបន្ថែមថា ស្ថានភាពសាច់បង្កកនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានការនាំចូលខុសច្បាប់ច្រើនពីប្រទេសវៀតណាម ហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព ។ អ្នកលក់សាច់ និងអ្នកចែកចាយសាច់ បានយកសាច់បង្កកទាំងនោះ មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុក ដើម្បីបន្លំភែ្នកអ្នកទិញ ទើបអ្នកទិញមិនដឹងថាសាច់នោះថាជាសាច់បង្កកទេ ។ លុះពេលទៅដល់ផ្ទះ ពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលក្នុងទូទឹកកក ។ នោះហើយ គឺជាការធ្វើឱ្យសាច់ខូចគុណភាព ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ ។ តាមពិតប្រជាជនយើងមិនចូលចិត្តសាច់បង្កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ ហើយសព្វថ្ងៃនេះអ្នករស់នៅរាជធានីក្រុងភ្នំពេញទទួលទានសាច់បង្កកច្រើនជាងគេ ។ ហេតុនេះ ប្រសិនបើបងប្អូនប្រើសាច់បង្កក សូមកុំយកវាទៅបង្កកឡើងវិញ ។
សាច់បង្កកមិនគ្រាន់តែនាំមកនូវការប្រឈមចំពោះសុខភាពរបស់អ្នកបរិភោគប៉ុណ្ណោះទេ ហើយវាក៏បានធ្វើឱ្យវិស័យចិញ្ចឹមក្នុងស្រុកស្លាប់ជាបន្តបន្ទាប់ផងដែរ ដោយសារវាត្រូវគេលក់ក្នុងតម្លៃទាបជាងទីផ្សារ ព្រោះគ្មានការត្រួតពិនិត្យ ហើយខណៈសាច់ខ្លះហួសកាលបរិច្ឆេទ ឬហួសដេឡេ ទើបគេចេះតែលក់ឱ្យអស់ពីស្តុករបស់គេ ។
កសិករចិញ្ចឹមសត្វក្នុងស្រុក និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាដើម បានសំណូមពរយ៉ាងទទូច និងបានដាក់លិខិស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យទប់ស្កាត់នូវការនាំចូលសាច់បង្កកខុសច្បាប់ ។ ប៉ុន្តែពុំសូវមានប្រសិទ្ធភាពឡើយ ទើបសាច់បង្កក នៅតែកំពុងចរាចរណ៍លើទីផ្សារកម្ពុជាយ៉ាងសកម្ម ។
គឺក្នុងបរិបទនោះហើយ បានជាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តែងតែបានផ្ញើសារក្រើនរំឭក និងផ្តល់អនុសាសន៍មួយចំនួនដល់សាធារណជនឱ្យប្រុងប្រយ័ត្ន ដូចជាអ្វីដែលបានលើកឡើងមុននេះជាដើម ៕
ដោយ ៖ រាជ មេសា