នៅសល់ពេល ១ សប្តាហ៍សម្រាប់អាហារូបករណ៍១៤៣០ កន្លែង នៃវិទ្យាស្ថានជាតិសង្គមកិច្ច
ភ្នំពេញៈ តាមរយៈតេឡេហ្ក្រាម របស់ ផ្កាស្លា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានផ្ញើសារក្រើនរំឭថា « ពេលវេលានៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ ចំនួន ១ ៤៣០ កន្លែងនៅឯវិទ្យាស្ថានជាតិសង្គមកិច្ច ហើយអាហារូបករណ៍ទាំងនោះ សម្រាប់ផ្តល់ជូនសាធារណជន សិស្ស និស្សិត ឬអ្នកទាំងឡាយណាដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន ហើយការទទួលពាក្យស្នើសុំ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែកុម្ភៈ ។ ហេតុនេះ ខ្ញុំសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សនិស្សិត មេត្តាដាក់ពាក្យស្នើសុំអាហារូបករណ៍ទាំងនេះ ហើយកុំឱ្យយឺតជាងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ »។
សូមជម្រាបថា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទាំង ១ ៤៣០ កន្លែង ដែលវិទ្យាស្ថានជាតិសង្គមកិច្ច ប្រកាសផ្តល់ឱ្យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នោះ មាន ៩ ជំនាញគឺ វិស្វកម្មឧបករណ៍សិប្បនិម្មិត និង រណប គោលនយោបាយសាធារណៈ គោលនយោបាយសង្គម គ្រប់គ្រងសាធារណៈ កិច្ចគាំពារសង្គម សង្គមកិច្ចវិទ្យា ភាសាអង់គ្លេស និង សង្គមវិទ្យា ហើយការផ្តល់អាហារូបករណ៍ទាំងនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ដែលស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់ក្រសួងសង្គមកិច្ច ក្នុងការបង្កើនកម្លាំងសេវាសង្គ ដ្បិតកម្ពុជា កំពុងត្រូវការអ្នកធ្វើការលើវិស័យសេវាសង្គម រាប់ម៉ឺនាក់ ហើយទៅថ្ងៃអនាគតក៏នឹងត្រូវការកាន់តែច្រើនបន្ថែមទៀត ។
គួរកត់សម្គាល់ថា នៅក្នុងបណ្តាប្រទេសជឿនលឿនជាទូទៅ មានអ្នកផ្តល់សេវាសង្គមម្នាក់ ក្នុងចំណោមមនុស្ស ៣៥០ នាក់ ទៅ ៥០០ នាក់ , ចំណែកប្រទេសនៅក្នុងតំបន់ មានអ្នកផ្តល់សេវាសង្គមម្នាក់ សម្រាប់មនុស្សប្រមាណជា ៣ ០០០ នាក់ ។ ចំណែកនៅកម្ពុជា ទើបតែមានអ្នកផ្តល់សេវាសង្គមម្នាក់ប៉ុណ្ណោះ សម្រាប់មនុស្សប្រមាណជា ៨ ០០០ នាក់ ។ ហេតុនេះ ទើបឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ធ្លាប់បានលើកឡើងថា ក្រសួងសង្គមកិច្ច បាន និង កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើនធនធានមនុស្សផ្នែកសេវាសង្គមធ្វើយ៉ាងណាឱ្យមានអ្នកជំនាអាជីព ឬ អាជីពរងផ្នែកសេវាសង្គម ២ នាក់ ក្នុងមួយឃុំ ឬ មួយសង្កាត់ នៅទូទាំងប្រទេស ៕
អត្ថបទៈ រាជ មេសា
រូបភាពៈ វិទ្យាស្ថានជាតិសង្គមកិច្ច