កូនប្រុសអាថ៌កំបាំងរបស់លោក ស៊ិន ស៊ីសាមុត ម្នាក់ទើបតែបានបង្ហាញខ្លួន
ក្រុងភ្នំពេញ ៖ ជារឿងដ៏គួឲ្យភ្ញាក់ផ្អើលជាថ្មីម្តងទៀតសម្រាប់ វិស័យសិល្បៈខ្មែរក្នុងពេលដែល អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះមួយរូបគឺលោក ប៊ឺត សំរេច បានអះអាងថា « ខ្លួនគឺជាកូនប្រុស បង្កើតរបស់អធិរាជសម្លេងមាសលោក ស៊ិន ស៊ីសាមុត » ក្នុងពេលលោកទើបតែទម្លាយរឿងរ៉ាវមួយនេះនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ កាលពីពេលថ្មីៗនេះ។ បើទោះបីជាការ អះអាងរបស់លោកប៊ឺតសំរេចកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយក្តីសម្រាប់មហាជនប៉ុន្តែ យោងតាមការបកស្រាយពីអតីតកីឡាប្រដាល់រូបនេះគឺអាចចំណុចសមហេតុផលខ្លះដែល អាចទទួលយកបានពីរឿងរ៉ាវ មួយនេះ។ ដោយលោក ប៊ឺត សំរេច បានលើកឡើងថា « លោកគឺជាកូនរបស់ ម្តាយដែលជាអ្នករាំរបាំព្រះរាជទ្រព្យនាសម័យសង្គមហើយក៏ត្រូវជាសាច់ញាតិរបស់អ្នកមីង អង្គារ៉ា ដែលជាម្តាយចិញ្ចឹមរបស់លោកផងដែរ » ។ លោកបញ្ជាក់ថា « អំឡុងពេលនោះឪពុករបស់លោក (លោក ស៊ីន ស៊ីសាមុត ) បានរស់នៅជាមួយម្តាយលោកដោយមានទម្ងន់លោកចំនួន៤ខែនេះបើតាមម្តាយចិញ្ចឹមរបស់លោកបានរៀបរាប់ប្រាប់ » ។
លោកបន្តថា « លុះ ក្រោយលោកកើតបាន៤ខែម្តាយរបស់លោកមានការខឹងសម្បារជាមួយនឹងឪពុកលោកដែលបានទៅរៀបការជាមួយនឹងអ្នកមីង អង្គារ៉ា ហើយក៏បានរត់ទៅស្រុកឡាវដែលជាទីកំណើតព្រោះថាម្តាយរបសលោកគឺជាកូនកាត់ឡាវ ចិន ខ្មែរ » ។ លោកបញ្ជាក់ថា « ម្តាយរបស់លោកឈ្មោះធីមវិជ្ជរ៉ាហើយមានកូនតែលោកម្នាក់គត់ដោយមុនបានគ្នាជាមួយឪពុកលោកនោះគឺគាត់ជាស្ត្រីមេម៉ាយមានអាជីព អ្នករាំរបាំព្រះរាជទ្រព្យនិងជាគ្រូពេទ្យម្នាក់នៅក្នុងស្រុកកំពុងលែងខេត្តកំពង់ឆ្នាំង »។ លោកបន្តថា « លោកបានដឹងរឿងមួយនេះក្នុងពេល ដែលលោកមានអាយុ១៤ឆ្នាំដោយសារម្តាយចិញ្ចឹមលោកគឺជាអ្នកប្រាប់ខណៈពេលម្តាយបង្កើតលោកបានទៅយកស្វាមីមួយទៀតដែលជា ជនជាតិថៃ និងមានកូនចំនួន៣នាក់ »។ យ៉ាងណាបើតាមលោក ប៊ឺត សំរេច ថា « រឿងរ៉ាវមួយនេះលោកមិនចង់ឲ្យអ្នកណាដឹងឡើយប៉ុន្តែ ដោយសារកន្លងមកនៅពេលដែលលោកទៅណាតែងតែមានគេថាអាកូនអត់ម៉ែអត់ឪហើយលោកក៏មិនចង់ឲ្យគេថាឲ្យលោកជាកូនឥតខាន់ស្លានោះដែរ » ។ លោកបញ្ជាក់ថា « កាលពី អំឡុងលោកចាប់កំណើតពីផ្ទៃម្តាយហើយបានរត់មករស់នៅស្រុកកំណើតវិញនោះឪពុក របស់លោកក៏ធ្លាប់តាមមកយកម្តាយនិងលោកទៅវិញដែរប៉ុន្តែម្តាយលោកដាច់ខាតមិនត្រឡប់ទៅតាមឪពុកលោកវិញទេខណៈ ពេលលោក ជាកូនក៏ម្តាយរបស់លោកមិនអោយទៅនៅជាមួយឪពុកវិញដែរ » ។
ទោះជាយ៉ាងណាលោក ប៊ឺត សំរេច បានបញ្ជាក់ថា « តាមពិតលោកក៏មិនចង់រំលឹករឿងពាក់ព័ន្ធជាមួយឪពុក (លោក ស៊ីន ស៊ី សាមុត ) ដែរ ព្រោះលោកខ្លាចប៉ះពាល់ដល់ផ្លូវ អារម្មណ៍ពីមហាជនដែលស្រឡាញ់ឪពុកលោកដោយពួកគាត់អាចនឹងគិតថាយើងចេះតែនិយាយចេះតែ ប្រឌិតដោយសារមូលហេតុផ្សេងៗសម្រាប់ផ្ទាល់ខ្លួន » ។ លោកបន្ថែមថា « កន្លងមកឪពុករបស់លោកបានហាមម្តាយលោកកុំឲ្យលោកល្បីឈ្មោះជាអ្នកសិល្បៈពោលគឺឪពុកលោកចង់ឲ្យលោកត្រឹមជាមនុស្សសាមញ្ញាម្នាក់ប៉ុណ្ណោះហេតុនេះនៅពេលដែលលោកមានអាយុ ១៤ ឆ្នាំ លោកក៏ចាប់ផ្តើមហាត់ប្រដាល់នៅក្នុងខេត្តបាត់ដំបងនេះតែម្តង » ។ ជាអតីតអ្នកប្រដាល់គុនខ្មែរដ៏ល្បីមួយរូបលោក ប៊ឺត សំរេច ថាបច្ចុប្បន្ន លោកមានវ័យ៤៩ ឆ្នាំ ហើយលោកបានរួចផុតពីការកាប់ស ម្លាប់ពីរបបខ្មែរក្រហមដោយសារលោកបានចេញទៅរស់នៅប្រទេសឡាវជាមួយម្តាយខណៈពេលដែលម្តាយរបស់លោកបានទទួលមរណភាពអស់ជាច្រើនឆ្នាំមកហើយ »។ យ៉ាងណាជុំវិញរឿងរ៉ាវខាងលើនេះគេនៅ មិនទាន់អាចជឿជាក់នៅឡើយទេថា តើការ អះអាងរបស់លោក ប៊ឺត សំរេច ជាកូនរបស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត នោះជាការពិត ឬ យ៉ាងណានោះទេ PkaSla Tv នឹងធ្វើការតាមដានបន្តទៀតដើម្បីស្វែងរកការពិតដើម្បីផ្សព្វផ្សាយជូនមិត្តអ្នកអាន។
ដោយ ៖ កុលាប ស