ឧត្តមមន្ត្រីសង្គមកិច្ច ៖ សូមធ្វើឱ្យថ្ងៃ ១៤ កុម្ភៈ គឺជាថ្ងៃធម្មតា
ភ្នំពេញៈ នាឱកាសអញ្ជើញជាអធិបតី នៃកម្មវិធីផ្សព្វផ្សាយស្តីពីការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ផ្សារភ្ជាប់នឹងទិវា នៃក្តីស្រឡាញ់ នៅឯវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានផ្តល់អនុសាសន៍អំពីអាកប្បកិរិយាដែលគប្បីប្រកាន់យក នៅថ្ងៃទី១៤ ខែកុម្ភៈ ថា « ចំពោះខ្មែរ ដែលជាប្រជាជាតិមួយមានប្រពៃណី វប្បធម៌ អរិ្យធម៌ដ៏ខ្ពង់ខ្ពស់ និងសាសនារបស់ខ្លួនច្បាស់លាស់ហើយនោះ ពុំមានភារកិច្ចអ្វីទៅរវីរវល់នឹងទិវា នៃ ក្តីស្រឡាញ់ ឬ វ៉ាឡិនថាញស៍ដេយ៍ ១៤ កុម្ភៈ នេះទេ ។ មិនតែប៉ុណ្ណោះ ប្រសិនបើគេ ខ្វះការយល់ដឹងនោះ វាអាចនាំមកនូវគ្រោះថ្នាក់ដល់ប្រពៃណីវប្បធម៌ជាតិដ៏ផូរផង់ ជាពិសេសស្ត្រី ។ ហេតុនេះ ឥរិយាបថល្អបំផុត គឺកុំរវីរវល់ កុំជ្រួលជ្រើមនឹងទិវា នៃ ក្តីស្រឡាញ់ ឬ វ៉ាឡិនថាញស៍ដេយ៍ ១៤ កុម្ភៈ » ។
ការលើកឡើងរបស់ឯកឧត្តម ឈួរ សុបញ្ញា យ៉ាងដូច្នេះ ក៏ស្រដៀងគ្នាទៅនឹងទស្សនៈរបស់ឯកឧត្តម ថេង ឆវីរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងជាទីប្រឹក្សា នៃក្រសួងសង្គមកិច្ច ដែរ ដោយកាលពីម្សិម៉ិញនេះ ឯកឧត្តម ថេង ឆវីរិទ្ធ បានលើកឡើងថា ខ្មែរពុំមានកាតព្វកិច្ច ឬ ភារកិច្ចអ្វី ក្នុងការផ្សព្វផ្សាយលើកតម្កើងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះទេ ព្រោះវាជាវប្បធម៌អឺរ៉ុប និងសម្រាប់សាសនាគ្រិស្ត ។ ហតុនេះ សង្គមខ្មែរ ជាពិសេសយុវជន ពុំគប្បីភ្លើតភ្លើនភ្លេចប្រពៃណីវប្បធម៌ជាតិដ៏ផូរផងរបស់ខ្លួន ហើយជាពិសេស ចូរកុំធ្វើឱ្យថ្ងៃ១៤ កុម្ភៈ ក្លាយជាទិវាឈឺចាប់ និងវិប្បដិសារីអស់មួយជីវិតសម្រាប់ស្ត្រី និងកុមារ កុំធ្វើឱ្យ ១៤ កុម្ភៈ ប៉ះពាល់ដល់សេចក្តីថ្លែថ្នូររបស់ស្ត្រី និងកុមារី ពីព្រោះនៅក្នុងប្រពៃណីប្បធម៌ខ្មែរ ស្ត្រី និងកុមារី មានតម្លៃខ្ពង់ខ្ពស់វិសេសវិសាលណាស់ ពុំអាចកាត់ថ្លៃបានទេ ។
ការលើកឡើងរបស់ឧត្តមមន្ត្រីដែលជាអ្នកចូលជ្រៅទៅក្នុងសង្គមទាំង ២ រូបនេះ ដោយសារដូចដែលគេបានឃើញមកហើយថា ជាពិសេសយុវជននៅទីប្រជុំជន ដូចជានៅរាជធានីភ្នំពេញ បង្ហាញនូវអាកប្បកិរិយាជ្រួលជ្រើម រហូតដល់ហៅទិវា១៤ កុម្ភៈ នេះថា ថ្ងៃបុណ្យសង្សារ ដែលពាក្យនេះ ពុំដែលមានប្រទេសណាហៅក្រៅតែពីនៅកម្ពុជា ឡើយ ពីព្រោះតែនៅថ្ងៃនេះ មានយុវតីខ្លះ បូជាខ្លួនប្រាណចំពោះសង្សាររបស់នាង ហើយជាលទ្ធផល នាំមកនូវក្តីឈឺចាប់ វិប្បដីសារី ថែមទាំងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់គ្រួសារ និងសង្គមជាតិទៀតផង ៕
ដោយ ៖ រាជ មេសា