ជីវិតអ្នករត់កង់បី តស៊ូចិញ្ចឹមគ្រួសារ
នៅក្នុងសង្គមសព្វថ្ងៃ យើងសង្កេតឃើញថា អ្នករត់កង់បី មានច្រើនពាសពេញសឹងគ្រប់ទីកន្លែងទាំងអស់។ របរជាអ្នករត់កង់បី ត្បិតមិនប្រើកម្លាំងទាំងដុល ដូចអ្នកធាក់ស៊ីក្លូ ប៉ុន្តែនៅតែជួបប្រទះបញ្ហាលំបាកមួយចំនួន ដែលមានការត្អូញត្អែរមិនដាច់ពីមាត់ ពីអ៊ំៗ និង ពូៗ ដែលកំពុងប្រកបអាជីពមួយនេះ។
អ្នករត់កង់បីម្នាក់ អាយុ ៤៥ឆ្នាំ នៅម្តុំមាត់ទន្លេ ក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមការងារ ផ្កាស្លាធីវី ឱ្យដឹងថា “រូបលោក ប្រកបរបររត់កង់បីនេះ ជិត១០ឆ្នាំហើយ ដោយសព្វថ្ងៃមានកាតព្វកិច្ចចិញ្ចឹមប្រពន្ធ និង កូន ៤នាក់នៅក្នុងបន្ទុក។ ថ្ងៃខ្លះពីព្រឹកដល់ព្រលប់ រកប្រាប់លុយត្រឹម ៥ដុល្លារអាមេរិកប៉ុណ្ណោះ”។ លោកពូរត់កង់បីរូបនេះ បន្តថា “ស៊ី ស្អី គ្រាន់ក្មួយអើ់យ! បើគ្រាន់ទុកចាក់សាំងហ្នឹង មិនចង់គ្រប់ផង”!
មានកូនច្រើន ការចំណាយច្រើន រត់ដឹកភ្ញៀវមិនសូវបាន ពេលខ្លះគ្មានលុយចូលផ្ទះ ធ្វើឱ្យលោកពូរត់កង់បីខាងលើពិបាកចិត្តខ្លាំង តែមិនដឹងត្រូវធ្វើយ៉ាងមិច។ កូនៗនៅតូច ស្ថិតក្នុងវ័យសិក្សានៅឡើយ ហើយត្រូវការលុយទៅរៀន ជាកម្លាំងចិត្តមួយដែលធ្វើឱ្យលោកពូវ័យ ៤៥ឆ្នាំរូបនេះ តស៊ូ មិនរួញរាល ដើម្បីអនាគតកូនៗ។ លោកពូ បានថ្លែងប្រាប់បន្តថា “ថ្ងៃខ្លះ សំកុកចាំភ្ញៀវពីព្រលឹម ដល់ ព្រលប់ ដឹកបានតែភ្ញៀវម្នាក់។ គេឱ្យប្រាក់ ៥ដុល្លារ ឱ្យពូធ្វើមិច យកគ្រាន់ចាក់សាំងហ្នឹង សឹងមិនគ្រប់ផង!”
ស្តាប់ទៅហាក់កំសត់បន្តិច ប៉ុន្តែយ៉ាងហោចណាស់ លោកពូក៏បានបំពេញកាតព្វកិច្ចជាឪពុកល្អម្នាក់ ជាប្តីល្អម្នាក់ និង ជាបង្គោលគ្រួសារដ៏រឹងមាំផងដែរ។ ក្រៅពីលោកពូខាងលើ នៅមានអ្នករត់កង់បី ជាច្រើននាក់ទៀតដែលកំពុងតស៊ូ ទាំងឈឺទាំងជា ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ លោកពូរត់កង់បីខាងលើ បានផ្ញើសារមួយផ្ញើទៅកាន់បងៗខ្លះដែលមានលុយមានកាក់ ដើរលេងផឹកស៊ីបាត់ៗពីផ្ទះថា “ទោះបីជាបងៗមានលុយច្រើនផ្តល់ទៅកាន់គ្រួសារបងក៏ដោយ ប៉ុន្តែពួកគាត់ ប្រពន្ធបង និង កូនៗបង បាត់ភាពកក់ក្តៅមួយបាត់ទៅហើយ”។
ចុងក្រោយ ការតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និង ដើម្បីអនាគតកូនៗពិតជាមានអត្ថន័យ និង គួរឱ្យគោរពខ្លាំងណាស់ ហើយអាចជាគំរូសម្រាប់អនុវត្តតាមបានថែមទៀតផង៕
អត្ថបទ ៖ សីហរិទ្ធិ