ជីវិតនិស្សិតជនបទ ឡើងមករៀននៅភ្នំពេញ
ក្រុងភ្នំពេញ ជាទីកន្លែងគោលដៅប្រមូលផ្តុំទៅដោយសកលវិទ្យាល័យធំៗល្បីៗ សម្រាប់បន្តថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ គេតែងសង្កេតជារៀងរាល់ឆ្នាំ មាននិស្សិតដែលឡើងមកពីតាមបណ្តាខេត្ត ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅភ្នំពេញ។
ជាការពិត ជីវិតនិស្សិតដែលធ្វើដំណើរឡើងមកពីខេត្ត ដើម្បីបន្តការសិក្សានៅភ្នំពេញ តែងជួបប្រទះភាពលំបាកនានា និងត្រូវការការតស៊ូ អត់ធ្មត់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ តាមការឱ្យដឹងពីនិស្សិតម្នាក់ មកពីខេត្តត្បូងឃ្មុំ ដើម្បីបន្តការសិក្សានៅភ្នំពេញ បានថ្លែងប្រាប់ក្រុមការងារ ផ្កាស្លាធីវី ឱ្យដឹងថា “សព្វថ្ងៃរូបគេ កំពុងសិក្សាឆ្នាំទី២ ផ្នែកអក្សរសាស្រ្តខ្មែរ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ និស្សិតឆ្នាំទី២ រូបនេះ បន្តថា ពេលឡើងមករៀននៅទីក្រុង រូបគេរូបប្រទះបញ្ហាជាច្រើន ដូចជាកន្លែងស្នាក់នៅ មិនស្គាល់ផ្លូវ និង មិនមានសាច់ញ្ញាតិនៅភ្នំពេញ នោះទេ”។
ប្រភពខាងលើបន្តឱ្យដឹងទៀតថា “រូបគេ ត្រូវរកបន្ទប់ជួលស្នាក់នៅ និង រកការងារធ្វើ ដើម្បីបានប្រាក់ខ្លះដោះស្រាយជីវភាពកំឡុងពេលសិក្សា ដោយថ្លៃបង់សាលាម្តាយឪពុកនៅឯស្រុកជាអ្នកចំណាយ។ និស្សិតអក្សរសាស្រ្តខ្មែររូបនេះ ថ្លែងទាំងអួលដើមករថា “រៀនផង ធ្វើការផង ហត់ណាស់ បងអើយ! ថ្ងៃខ្លះធ្វើការហួសកម្លាំង ពេលយប់មកដេកឈឺនៅក្នុងបន្ទប់ម្នាក់ឯង។ បើមិនរកការងារធ្វើ បានលុយណាសម្រាប់ចាយ និង បង់ថ្លៃបន្ទប់ជួលឱ្យគេបង!”
ត្បិតជីវិតជានិស្សិតមកពីជនបទ ជួបប្រទះការលំបាកបែបនេះក្តី ប៉ុន្តែនិស្សិតខាងលើដែលបានផ្តល់បទសម្ភាសន៍ឱ្យក្រុមការងារផ្កាស្លាធីវី ប្តេជ្ញាចិត្តយ៉ាងមុតមាំថា រូបគេនឹងតស៊ូរៀនឱ្យចប់ចុង មិនបោះបង់ចោលកណ្តាលទីនោះទេ ដើម្បីពេលរៀនចប់ទៅ មានការងារមួយល្អធ្វើ បានប្រាក់ចិញ្ចឹមគ្រួសារនៅស្រុក និង ដើម្បីក្លាយខ្លួនជាធនធានមនុស្សរបស់ប្រទេសកម្ពុជាយើង។
ជាចុងក្រោយ និស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្រ្តខ្មែរ មានពាក្យពេចន៍ខ្លះផ្តែផ្តាំទៅដល់និស្សិតដែលឡើងមកពីខេត្ត សិក្សានៅភ្នំពេញត្រូវមានចិត្តអំណត់តស៊ូ រៀនឱ្យចប់ចុងចប់ដើម ព្រោះមានតែចំណេះវិជ្ជានេះហើយ ដែលជាស្ពានចម្លងទៅកាន់អនាគតមួយរុងរឿងនៅថ្ងៃខាងមុខ៕
អត្ថបទ ៖ សីហរិទ្ធិ