អ្នកដែលបានឆ្លងកាត់បណ្តុះបណ្តាលតែងនិពន្ធមានច្រើន តែអ្នកប្រកបអាជីពនេះតិច
ភ្នំពេញៈ នៅពេលសួរថា ជាទូទៅ សិក្ខាកាមដែលបានឆ្លងកាត់វគ្គតែងនិពន្ធ ពីសមាគមអ្នកនិពន្ធខ្មែរ ហើយ តើពួកគាត់បានយកចំណេះដឹងរបស់ខ្លួនទៅប្រើប្រាស់ គឺតែងនិពន្ធច្រើនដែរឬទេ ឯកឧត្ត ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានឆ្លើយប្រាប់ ផ្កាស្លាធីវី តាមតេឡេហ្ក្រាម ថា « ជាទូទៅសិក្ខាកាមដែលបានឆ្លងកាត់វគ្គតែងនិពន្ធហើយបានយកវិជ្ជាតែងនិពន្ធ ទៅធ្វើជាអាពីជីពនោះ គឺមានចំនួនតិចតួចណាស់ លើកលែងតែពួកគាត់ជាអ្នករៀនបន្ថែមលើកជំនាញ ឬការងារតែងនិពន្ធរបស់គាត់ស្រាប់ ។ ក្រៅពីនោះគឺពួកគាត់គ្រាន់តែចង់ចេះដឹងបន្ថែមលើវិជ្ជាតែងនិពន្ធ ដើម្បីសរសេរពីជីវិត ឬកំណត់ហេតុផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្ណោះ »។
សូមជម្រាបថា គិតមកដល់ពេលនេះ សមាគមអ្នកនិពន្ធខ្មែរ បានបណ្តុះបណ្តាលវគ្គតែងនិពន្ធ បាន ៣៤ វគ្គ សរុបសិក្ខាកាមប្រមាណជាជាង ២៥០០ នាក់ ដោយវគ្គនីមួយៗមានសិក្ខាកាមយ៉ាងតិច៤០ រូប ហើយវគ្គខ្លះមានរហូតទៅដល់៨០ រូបឯណោះ ។ នេះបើតាមការពិនិត្យមើលទៅក្នុងកំណត់ត្រាឯកសារចាស់ របស់សមាគមអ្នកនិពន្ធខ្មែរ ។ឆ្លើយទៅនឹងសំណួរមួយទៀតថា តើសមាគមអ្នកនិពន្ធខ្មែរ មានទិសដៅធ្វើអ្វីខ្លះ ដើម្បី លើកកម្ពស់វិស័យតែងនិពន្ធ ទាំងបរិមាណ និងគុណភាព ឯកឧត្តម ព្រឿង ប្រណីត បានឆ្លើយថា បាវចនារបស់សមាគមអ្នកនិពន្ធខ្មែរ គឺនិពន្ធ ស្រាវជ្រាវ នវានុវត្តន៍ ស្របតាមទិសដៅសមាគមអ្នកនិពន្ធខ្មែរ មានបណ្តុះបណ្តាលវិជ្ជាតែងនិពន្ធ ដល់សមាជិក សមាជិកា និស្សិត បញ្ញវន្ត មន្ត្រីរាជការ និងសាធារណជន ។ សមាគមអ្នកនិពន្ធខ្មែរ បានសិក្សាស្រាវស្រាវ និងបានបោះពុម្ពស្នាដៃអ្នកនិពន្ធជំនាន់មុនឡើងវិញ បានបោះពុម្ពស្នាដៃអ្នកនិពន្ធថ្មីៗ និងបានសម្រិតសម្រាំងជ្រើសរើសស្នាដៃដំបូងរបស់សិក្ខាកាមតែងនិពន្ធ ដើម្បីជាប្រយោជន៍សាធារណៈ។
ក្នុងន័យនេះ ដើម្បីជំរុញវិស័យតែងនិពន្ធឱ្យកាន់តែខ្លាំងក្លាថែមទៀត ឯកឧត្តម ព្រឿង ប្រណីត ផ្ទាល់ ក៏ដូចជាក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ យល់ឃើញថា ទាំងនិពន្ធជំនាន់មុន និងជំនាន់ក្រោយ ត្រូវរួមគ្នាសិក្សាស្រាវស្រាវ រៀនសូត្របន្ថែម ចែករំលែកបទពិសោធន៍រវាងគ្នា និងរួមគ្នាលះបង់កម្លាំងកាយចិត្ត ជំរុញឱ្យវិស័យតែងនិពន្ធ កាន់តែសម្បូរបែប ទាន់សម័យ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសម្រាប់អ្នកជំនាន់ក្រោយបានសិក្សាស្រាវជ្រាវបន្ត ។
គួរជម្រាបជូនថា វិស័យតែងនិពន្ធ គឺជាមាតា នៃវិស័យអំណាន ហើយវិស័យអំណាន គឺជាសូចនាករ ពោលគឺជាគ្រឿងវាស់វែងនូវកម្រិតរីកចម្រើនរបស់ប្រជាជាតិមួយ ។ ដោយឡែកនៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ទាំងវិស័យតែងនិពន្ធ ទាំងវិស័យអំណាន មានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់ ដែលជាកត្តាជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកពាក់ព័ន្ធឱ្យខិតខំបន្ថែមទៀត ធ្វើយ៉ាងជំរុញវិស័យតែងនិពន្ធ និងវិស័យអំណានឱ្យតាមទាន់ប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងប្រទេសជឿនលឿននៅលើពិភពលោក ៕
អត្ថបទៈ រាជ មេសា
រូបៈ សមាគមអ្នកនិពន្ធខ្មែរ