គ្មានឡើយការបន្ធូរបន្ថយទាំងវិញ្ញាសា ទាំងវិន័យ នៃការប្រឡងបាក់ឌុបសាលាបាលីឆ្នាំ២០២៣
ភ្នំពេញៈ ភិក្ខុព្រះសង្ឃលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានមានព្រះថេរដីកានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសាលាបាលី ឆ្នាំ២០២៣ នេះថា « ពុំមានឡើយការបន្ធូរបន្ថយទាំងវិញ្ញាសា ទាំងវិន័យ នៃការប្រឡង ។ មិនមានការបន្ធូរបន្ថយដ្បិតថា ការប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសាលាបាលី ក៏មិនខុសអំពីការប្រឡង នៃ ក្របខណ្ឌផ្សេងៗដែរ គឺជាការវាស់ស្ទង់សមត្ថភាពរបស់អ្នកប្រឡង ដែលនេះក៏គឺជាការសម្រិតសម្រាំងរកសមត្ថភាព និងពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សា ក៏ដូចជា ដើម្បី រក្សាបាន និងលើកតម្កើងនូវកិត្តិនាមដ៏ផូរផង់ នៃ ការប្រឡងនានាក្នុងក្របខណ្ឌពុទ្ធិកសិក្សា » ។
ការប្រឡងបាក់ឌុបសាលាបាលី នាឆ្នាំ២០២៣ នេះ មានរយៈពេល ៣ ថ្ងៃគឺ ថ្ងៃទី២២-២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានតែ ១ មណ្ឌលប៉ុណ្ណោះ គឺនៅក្នុងសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ មានបេក្ខសមណៈ និងបក្ខជន សរុប ៥៥៦ អង្គ និងនាក់ ហើយចំនួននេះ បានកើនឡើង ១៣២ អង្គ និងនាក់ បើធៀបទៅនឹងចំនួនបេក្ខសមណៈ និងបេក្ខជនកាលពីឆ្នាំ២០២២ ។ ចំណែកវិញ្ញាសានៅឆ្នាំនេះ មានចំនួន ១៤ វិញ្ញសា គឺ ភាសាបាលី ផែនដីវិទ្យា សាសនាប្រៀបធៀប គីមីវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យា ព្រះអភិធម្ម រូបវិទ្យា ភូមិវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស ភាសាសំស្ក្រឹត ជីវវិទ្យា សីលធម៌ និងពលរដ្ឋវិទ្យា ។
ជាការកត់សម្គាល់ តាំងពីព្រឹកព្រលឹម នៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បេក្ខសមណៈ និងបេក្ខជនបានឈរតម្រង់ជួរយ៉ាងស្ងៀមស្ងាត់ និងយ៉ាងមានសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលប្រឡង ដែលស្ថិតនៅក្នុងបរិវេណសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ដើម្បី ស្តាប់ការប្រកាសបទបញ្ញត្តិនានា នៃការប្រឡង ដែលក្នុងនោះបម្រាមសំខាន់ៗដូចជាការប្រព្រឹត្តសំណូកសូកប៉ាន់ ទោះក្នុងរូបភាពណាក៏ដោយ ការមិនគោរពតាមការណែនាំរបស់គណៈកម្មការ ការយកសំណៅឯកសារ ឬ ព្រីយ៉ុង ឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទដៃ និងម៉ាស៊ីនគិតលេខ ចូលបន្ទប់ប្រឡង និងការធ្វើសញ្ញាសម្គាល់នៅលើសន្លឹកកិច្ចការជាដើម ត្រូវបានហាមឃាត់ដាច់ខាត ប្រសិនបើបេក្ខសមណៈ បេក្ខជន រួមទាំងមន្ត្រីប្រឡងរូបណាមួយហ៊ានបំពាន នឹងត្រូវអនុវត្តតាមវិធានជាធរមានដោយពុំមានការយោគយល់ ដែលក្នុងនោះក៏រួមទាំងការឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងបញ្ឈប់ពីការចូលរួមនឹងការប្រឡងនៅឆ្នាំក្រោយទៀត រហូតដល់ ៣ ឆ្នាំក៏មាន ដែលជារួមទៅ មិនខុសគ្នាប៉ុន្មានឡើយពីការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបរបស់សាលាចំណេះដឹងទូទៅ ហើយចំណុចខ្លះ អាចនិយាយថា ការប្រឡងសាលាបាលីតឹងរ៉ឹងជាង ។ ប៉ុន្តែរាល់ការប្រឡងនានានៅក្នុងក្របខណ្ឌពុទ្ធិកសិក្សា គេពុំដែលឃើញមានកម្លាំងសមត្ថកិច្ចយាមល្បាតឡើយ ហើយគេក៏កម្របានឃើញថាមានការបំពានលើវិញន័យ នៃការប្រឡងគួរឱ្យកត់សម្គាល់ដែរ ៕
ដោយ ៖ រាជ មេសា