ជីវិតជាងកាត់សក់នៅតាមរបងវត្ត
អាជីពជាជាងកាត់សក់ ជារបរមួយដែលទទួលបានការពេញនិយមនៅក្នុងសង្គមខ្មែរយើង។ការងារមួយនេះ
ស្តាប់ទៅហាក់ដូចសាមញ្ញធម្មតា ប៉ុន្តែទាមទារនូវចំណេះ និង ជំនាញច្បាស់លាស់។សព្វថ្ងៃ មានហាង
កាត់សក់ជាច្រើនកន្លែង ដែលអាជីពមួយនេះមានការប្រកួតប្រជែងខ្ពស់ទៀតផង។ យើងសង្កេតឃើញថា
មានហាងកាត់សក់ខ្លះ បំពាក់នូវបរិក្ខាទំនើបៗ សម្រាប់ភ្ញៀវដែលមានជីវភាពធូរធារ ហើយចង់បានសេវាកម្ម
ដែលមានផាសុកភាព។ ទន្ទឹមនឹងនេះ គេក៏សង្កេតឃើញមានការកាត់សក់តាមរបងវត្ត មិនមានហាងត្រឹម
ត្រូវ។ ជាងកាត់សក់តាមរបងវត្ត នៅតែទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋ ត្បិតមិនមានហាង និង កន្លែង
ត្រឹមត្រូវ ប៉ុន្តែទឹកដៃនៃការកាត់សក់ មានភាពបុិនប្រសព្វ មិនចាញ់ជាងនៅតាមហាងប៉ុន្មាននោះទេ។
បងប្រុសម្នាក់ ដែលកំពុងប្រកបរបរជាជាងកាត់សក់នៅជាប់របងវត្តមួយនៅក្នុងទីក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមការងារ ផ្កាស្លាធីវី ឱ្យដឹងថា “រូបលោក ប្រកបរបរជាជាងកាត់សក់នេះ អស់រយៈពេល ៨ឆ្នាំហើយ ដោយកាលពីដំបូង លោកធ្វើជាកូនជាងគេ ដោយទទួលបានប្រាក់កម្រៃតិច មិនអាចទប់ទល់ជីវភាពគ្រួសារបាន ក៏សម្រេចបើកកន្លែងកាត់សក់តូចមួយនៅជាប់របងវត្ត”។ លោកបន្តថា “សព្វថ្ងៃលោកទទួលបានភ្ញៀវច្រើនគួរសម ដែលគេនិយមមកកាត់សក់នៅកន្លែងលោក ដោយសារតែលោកមានជំនាញច្បាស់លាស់ ប្រកបដោយភាពបុិនប្រសព្វខ្ពស់” ។
ទោះបីជាបែបនេះក្តី កន្លែងកាត់សក់តាមរបងវត្តរបស់បងប្រុសខាងលើ ជួបប្រទះនូវការលំបាកដូចជានៅពេលមានភ្លៀងធ្លាក់ជាដើម។ដោយទឹកភ្លៀងបានសាចចូលទៅខាងក្នុងធ្វើឱ្យទទឹកដល់ភ្ញៀវ និងជាផលរំខានមួយផងដែរ។ ចំណែកចំណូលដែលទទួលបានក្នុងមួយថ្ងៃអាស្រ័យទៅតាមថ្ងៃ ថ្ងៃខ្លះភ្ញៀវច្រើន ថ្ងៃខ្លះភ្ញៀវតិច មិនទៀងទេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីបងប្រុសដែលជាម្ចាស់កន្លែងកាត់សក់នៅតាមរបងវត្តមួយក្នុងក្រុងភ្នំពេញ។
នៅពេលក្រុមការងារផ្កាស្លាធីវី សួរទៅដល់គោលបំណងនៅថ្ងៃអនាគត បងប្រុសដែលជាជាងកាត់សក់ខាងលើ ថ្លែងថា លោកចង់បានកូនហាងតូចមួយដើម្បីបន្តអាជីពនេះ យកប្រាក់ចិញ្ចឹមគ្រួសារ។ ដោយនៅពេលមានហាងត្រឹមត្រូវ លោកអាចនឹងបណ្តុះបណ្តាលកូនសិស្សដែលចង់សិក្សាជំនាញមួយនេះផងដែរ៕
អត្ថបទ ៖ សីហរិទ្ធិ