មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ៖ បើអាចសូមយកថ្ងៃ១៤ កុម្ភៈ ប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណេត
ភ្នំពេញៈ នាឱកាសអញ្ជើញជាអធិបតី នៃកម្មវិធីយុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បី សុវត្ថិភាពអ៊ីនធឺណេត នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាតិចណូ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្តួចផ្តើមគំនិតគួរឱ្យចាប់អារម្មណ៍ថា « ប្រសិនបើអាច សូមពិចារណាយកថ្ងៃទី១៤ ខែកុម្ភៈ ដើម្បី ប្រារព្ធទិវាសុវត្ថិភាពតាមអ៊ីនធឺណេត ។ បើអាចធ្វើបែបនោះបាន យើងនឹងអាចកាត់បន្ថយនូវក្តីកង្វល់ ឬកត្តាអវិជ្ជមាននានាបានមួយកម្រិត ពាក់ព័ន្ធទៅនឹងទិវា ១៤ កុម្ភៈ ហើយបែរមកជួបុំគ្នា ដើម្បី ជជែកដេញដោលអំពីសុវត្ថិភាពរបស់យើងទាំងអស់គ្នាតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាក្តីកង្វល់កំពុងតែកើនឡើងកាន់តែស្មុគស្មាញទៅៗ ទាំងថ្នាក់ជាតិ និងថ្នាក់ពិភពលោកនេះទៅវិញ »។
ទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺជាវប្បធម៌របស់ប្រជាជាតិអឺរ៉ុប និងជាពិសេសសម្រាប់គ្រិស្តសនា ឯណោះទេ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ត្រូវបានគេឃើញថា យុវជនខ្លះ ជាពិសេសនៅទីប្រជុំជន ដូចជានៅរាជធានីភ្នំពេញជាដើម ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បែរជានាំគ្នាជ្រួលជ្រើមនឹងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះទៅវិញ ។
ការលើកឡើងរបស់លោកជំទាវ ជូ ប៊ុនអេង ពុំមែនជាការរើសអើងវប្បធម៌ និងសាសនាទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភជាទូទៅនោះគឺដោយសារតែភាពភ្លើតភ្លើនរបស់យុវជនខ្លះ បានបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រពៃណីជាតិដ៏ផូរផង់ ហើយជាញឹកញាប់ត្រូវបានគេដឹងថា វាបាននាំមកនូវការឈឺចាប់ដល់គ្រួសារ និងជាពិសេសបន្សល់ទុកនូវវិប្បដិសារីដល់យុវតី ដែលនៅក្នុងប្រៃពណីវប្បធម៌ខ្មែរ ស្ត្រី និងយុវតី មានសេចក្តីថ្លៃថ្នូរវិសេសវិសាលណាស់ពុំអាចកាត់ថ្លៃបានទេ ។
ដោយឡែក ពាក់ព័ន្ធទៅនឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត លោកជំទាវ ជូ ប៊ុនអេង ក៏ដូចជាលោក សំលៀង សីលា នាយកអង្គការសកម្មភាព ដើម្បី កុមារ ហៅកាត់ថា APLE និងក្រសួងស្ថាប័នពាក់ព័ន្ធជាតិ អន្តរជាតិ ដែលធ្វើការលើវិស័យនេះ សុទ្ធតែបានលើកឡើងដូចៗគ្នាថា អ៊ីនធឺណេត បាននាំមកនូវគុណប្រយោជន៍ឥតដែនកំណត់សម្រាប់មនុស្សជាតិក៏ពិតមែន ប៉ុន្តែបទល្មើលតាមប្រព័ន្ធអ៊ីនធឺណេត រួមទាំងការកេងប្រវញ្ញផ្លូវភេទលើកុមារ បានកើនឡើងនិងកាន់តែស្មុគស្មាញទៅៗ បើទោះបីជាក្រសួងស្ថាប័នពាក់ព័ន្ធជាតិ អន្តរជាតិ បានដាក់ចេញនូវវិធានការ និងបានចាត់ការជនល្មើសបានជាច្រើនហើយក្តី ។
ហេតុនេះ លោកជំទាវ ជូ ប៊ុនអេង លោក សំលៀង សីលា តំណាងកុមារ និង យុវជន ក៏ដូចជាអ្នកពាក់ព័ន្ធបានលើកឡើងនូវសំណូមពរមួយចំនួន ដូចជាចំពោះនីយត្តិករគោលនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យដាក់ចេញនូនយន្តការបន្ថែមទៀត សំដៅបង្កើនការយល់ដឹង និងទប់ស្កាត់នូវគ្រោះថ្នាក់តាមអ៊ីនធឺណេត និងកិច្ចអន្តរាគមន៍មានប្រសិទ្ធភាពជាដើម ។
ចំពោះមាតាបិតា អ្នកអាណាព្យាបាល អ្នកធ្វើការពាក់ព័ន្ធនឹងកុមារ និងកុមារខ្លួនឯងផ្ទាល់ ក៏តោងតែបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការប្រើប្រាស់អ៊ីនធឺណេត ពុំនោះទេ ពួកគេអាចនឹងរងហានិភ័យដោយពុំអាចវាស់វែងបាន ។
ដោយ ៖ រាជ មេសា