ពេលអាកាសធាតុត្រជាក់សូមប្រុងប្រយ័ត្នសុខភាពសត្វចិញ្ចឹម
ភ្នំពេញៈ ខណៈកម្ពុជា នៅតែរងឥទ្ធិពពីអាកាសធាតុត្រជាក់ដូចជាបច្ចុប្បន្ននេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានផ្ញើសារក្រើនរំឭកដល់កសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារនៅទូទាំងប្រទេសថា « ចំពោះសត្វចិញ្ចឹមនៅតាមកសិដ្ឋានរបស់ក្រុមហ៊ុន ដែលបានរៀបចំកន្លែងត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេស មិនចោទជាបញ្ហាទេ ប៉ុន្តែចំពោះសត្វចិញ្ចឹមនៅតាមកសិដ្ឋានរបស់កសិករជាលក្ខណៈគ្រួសារ ដែលរោងចិញ្ចឹមរបស់ពួកគាត់មិនត្រឹមត្រូវតាមបច្ចេកទេស ប្រព័ន្ធការពារពុំគ្រប់គ្រាន់នោះ សត្វចិញ្ចឹមរបស់ពួកគាត់ ជាពិសេសសត្វមាន់ ងាយនឹងរងផលប៉ះពាល់ពីអាកាសធាតុត្រជាក់នេះណាស់ ហេតុនេះ សូមបងប្អូនកសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ មេត្តារកមធ្យោបាយការពារឱ្យបានល្អ ដូចជាយកតង់ទៅព័ទ្ធជុំវិញរោងចិញ្ចឹមសត្វជាដើម ដើម្បី កុំឱ្យខ្យល់ត្រជាក់ប៉ះពាល់ដល់សត្វរបស់បងប្អូន » ។
លោក ស្រ៊ុន ពៅ បានបន្ថែមថា ចំពោះសត្វជ្រូក ក៏មិនខុសពីសត្វមាន់ដែរ គឺជ្រូកដែលចិញ្ចឹមនៅក្នុងកសិដ្ឋានជាលក្ខណៈគ្រួសារ ពិតជាងាយនឹងរងផលប៉ះពាល់ពីអាកាសធាតុទៅជាត្រជាក់នេះណាស់ ជាពិសេសកូនជ្រូកតូចៗ ។ ហេតុនេះកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ក៏តោងតែបង្កើនការយកចិត្តទុកដាក់ចំពោះជ្រូករបស់ខ្លួន ដូចជាត្រូវបិទបាំងកន្លែងចិញ្ចឹមជ្រូកកុំឱ្យត្រជាក់ពេកដែរ ។
ម្យ៉ាងទៀត ការរក្សាអនាម័យ ជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវ និង ជាប់ជាប្រចាំ ក៏នៅតែជាកត្តាចាំបាច់ ព្រោះថា នៅពេលអាកាសធាតុត្រជាក់ ងាយនឹងកើតមានមេរោគដោយប្រការណាមួយ ហើយប្រសិនបើមានបញ្ហាពាក់ព័ន្ធទៅនឹងសុខភាពសត្វ ឬក៏ពេលឃើញសត្វមានបញ្ហាចម្លែកអ្វីម្យ៉ាង សូមរូតរះផ្តល់ព័ត៌មានទៅមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន ដើម្បី ពួកគាត់មានវិធានការទាន់ពេលវេលា ចៀសវាងកុំឱ្យរីករាលដាល ប៉ះពាល់ដល់សត្វចិញ្ចឹមរបស់អ្នកដទៃផ្សេងទៀត ឬក៏អាចទាក់ទងមកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដោយផ្ទាល់ក៏បាន សមាគមនឹងជួយអន្តរាគមន៍ដោយឥតគិតថវិកា ៕
អត្ថបទ ៖ រាជ មេសា