ល្បែងអាប៉ោងចំនួន៥វង់ លេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចស្រុកល្វាឯម មិនបង្ក្រាប
(កណ្ដាល)៖ ក្រុមអ្នកញៀនល្បែងទាំងហ្វូង បានធ្វើសកម្មភាព លេងល្បែងស៊ីសង"អាប៉ោង"យ៉ាងពេញបន្ទុក រហូតដល់ទៅ០៥វង់ នៅបរិវេណ"វត្តព្រែករៃ"ស្ថិតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីយប់ទី១៨.០៥.២០២៤ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត..!។
-ករណីនេះលោក ធួក ចិត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករៃ បានណែនាំឱ្យ អ្នកសារព័ត៌មាន ទៅសុំគេតាមវង់ល្បែង បន្តិចៗទៅ...!។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង» ដឹងថា នៅ"វត្តព្រែករៃ"ត្រង់ចំណុចខាងលើ មានពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត.! ។
ជាមួយគ្នានោះ នៅយប់ទី១៨.០៥.២០២៤ ក៏មានការសម្ដែងសិល្បៈ(ល្ខោន)សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយ ចូលរួមទស្សនាកម្សាន្ត ដើម្បីអបអរកម្មវិធីបុណ្យ។
ស្របពេលដែល មនុស្សច្រើនកុះករបែបនេះ ស្រាប់តែមានសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ចំនួន៥កន្លែងធំៗ កំពុងលេងភ្នាល់ចាក់លុយ យ៉ាងរលូន និងមានសុវត្ថិភាព..!។
ព្រោះថា សមត្ថកិច្ចយាមកាម និងការពារសន្តិសុខនៅទីនោះ មើលមិនឃើញ និងគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបសោះឡើយ...!។
ពាក់ព័ន្ធករណីនេះ នៅយប់ទី១៨.០៥.២០២៤ អ្នកសារព័ត៌មាន បានរាយការណ៍និងសុំការបំភ្លឺពីលោក ធួក ចិត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករៃ ប៉ុន្តែលោកពុំមានវិធានការទប់ស្កាត់ ឬបង្ក្រាបល្បែងខាងលើឡើយ!។
ផ្ទុយទៅវិញ លោកនាយប៉ុស្តិ៍ បានថ្លែងណែនាំឱ្យអ្នកកាសែត ទៅសុំគេតាមវង់ល្បែង បន្តិចៗទៅ...។
-ចំណែកលោក មួង រដ្ឋា អធិការស្រុកល្វាឯម បានថ្លែងរបៀបនើយហត់ និងគំរាះគំរើយថា«ងាប់ហើយអ្ហា.រកពេលដេកមួយថ្ងៃ មិនបានហ្មងអ្ហា.!»។
លោកអធិការ បន្តថា ចាំមើលឱ្យពួកនិងទៅមើលៗ...!។
-គួរម្លឹកថា នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្ដាល ពុំមែនមានតែល្បែងស៊ីសង ក្នុងវត្តអារាមម្ដងម្កាល ពេលមានបុណ្យទាន ប៉ុណ្ណោះទេ.!។
-ជាក់ស្ដែង ត្រង់ចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ក៏មានការបើកល្បែងទ្រង់ទ្រាយធំ រហូតផ្ទុះរឿងកក្រើកពេញបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។
ករណីបើកល្បែងក្នុងចំការស្វាយ នៅភូមិផ្លូវត្រី ឃុំថ្មគរ នេះដែរ ក្រោយផ្ទុះរឿង សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនម្ចាស់ទីតាំង និងឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន២នាក់ទៀត..!។
ក្នុងនោះសមត្ថកិច្ចខេត្តកណ្ដាល ពុំទាន់ចាត់វិធានការលើ”សមត្ថកិច្ចមូលដ្ឋាននៅឡើយទេ”ថាតើសមត្ថកិច្ចមូលដ្ឋាន ដឹងគេបើកល្បែងដែរ ឬមួយដឹងហើយធ្វើមិនដឹង..?។
ខណៈសកម្មភាព នៃការបើកលេងល្បែងក្នុងចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។
គឺទ្រង់ទ្រាយធំ.មានមនុស្សទៅលេងល្បែងទាំងហ្វូង.ដោយមានប៉ាតង់.សង្វៀន.មានស៊ុំព័ទ្ធជុំវិញ.មានកៅអីអង្គុយ.មានអ្នកលក់ដូរនៅទីនោះទៀតផង!។
ពុំមែនជាការលេងស៊ីគូថៃ ក្រោមផ្ទះម្នាក់ ឬ២នាក់ ដើម្បីកម្សាន្តជាលក្ខណៈគ្រួសារអ្វីឡើយ!
ចុះហេតុអី បានជាសមត្ថកិច្ចមូលដ្ឋានមិនដឹង…?។
លុះឥឡូវ ស្រាប់តែមានសកម្មភាពបើកល្បែង"អាប៉ោង"នៅវត្តព្រែករៃ ទៀត!។
-តើលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានវិធានការបែបណា..? ក្រោយទទួលបានព័ត៌មានខាងលើ៕