ការនាំចូលសាច់បង្កកខុសច្បាប់ កំពុងបង្កបញ្ហាដល់ក្រុមហ៊ុននាំចូលស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារជាខ្លាំង
សាច់បង្កកដែលលួចនាំចូលដោយខុសច្បាប់ កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចូលស្របច្បាប់ និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ។ ជាក់ស្តែងថ្មីៗនេះ មន្រ្តីជំនាញបានរឹបអូសសាច់បង្កកចម្រុះនាំចូលដោយខុសច្បាប់ និងខូចគុណភាពបានរាប់សិបតោន បើទោះបីជារដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យផ្អាកការនាំចូល «គ្រឿងក្នុង និងបំណែកសាច់បង្កក» ចំនួន ៨ មុខ ជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ ដោយយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ យ៉ាងណាក្តី ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រី………ជាអគ្គនាយិការក្រុមហ៊ុន………បានលើឡើងថា ការនាំចូលប្រភេទសាច់បង្កកខុសច្បាប់ចូលមកទីផ្សារកម្ពុជា កំពុងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុននាំចូលសាច់បង្កកស្របច្បាប់ ព្រមទាំងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ ដោយសារតែការនាំចូលខុសច្បាប់មានការចំណាយថ្លៃដើមទាប និងការទុកដាក់ពុំបានត្រឹមត្រូវតាមស្តង់ដាជាហេតុធ្វើឱ្យការប្រគួតប្រជែងនៅលើទីផ្សារពុំស្មើភាពគ្នា ។ លោកស្រីថា ក្រុមហ៊ុនលោកស្រី គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត ដែលបានកំណត់ជាក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលមុខទំនិញសាច់បង្កក ហើយមុខទំនិញសាច់បង្កកត្រូវបានកំណត់ឲ្យនាំចូលតែតាមមាត់ច្រកច្រកព្រំដែនចំនួន ៥ប៉ុណ្ណោះ គឺទី១. កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ២. កំពង់ផែអន្តរជាតិរាជធានីភ្នំពេញ, ៣.ព្រំដែនអន្តរជាតិប៉ោយប៉ែត ,៤.ព្រំដែនអន្តរជាតិបាវិត និង ៥. ព្រំដែនអន្តរជាតិដូង ។ ការកំណត់បែបនេះ លោកស្រីមានការសារទរ និងយល់ឃើញថា នឹងមិនមានការនាំចូលសាច់បង្កកតាមតែទំនើងចិត្តបានទៀតនោះទេ ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ លោកស្រីសង្កេតឃើញថា នៅតែមានក្រុមឈ្មួញលួចនាំចូលសាច់បង្កកដោយខុសច្បាប់ និងខូចគុណភាព ដឹកតាមរយន្តទូរីស និងរថយន្តក្រុង ដោយោគ្មានទូរបង្កកត្រឹមត្រូវ យកមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានមន្ត្រីជំនាញចាប់ឃាត់រឹបអូសបានជាបន្តបន្ទាប់ យកទៅដុតកម្ទេចចោល ។
លោកស្រីបានបន្តទៀតថា នៅពេលឃើញមានការចាប់ឃាត់សាច់បង្កកខូចគុណភាបបានរាប់សិបតោនបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការញញើតក្នុងការបរិភោគបន្តទៀត ហើយទីផ្សារសាច់បង្កកមានការធ្លាក់ចុះ ហាងសាច់អាំង ឬប៊ូហ្វេ បានបិទជាបន្តបន្ទាប់ដោយសារគ្មានភ្ញៀវ ហើយនៅពេលតម្រូវការសាច់បង្កកតាមហាងធ្លាក់ចុះ វាធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលនាំចូលស្របច្បាប់ ។ លោកស្រីថា ការនាំចូលសាច់បង្កកចូលមកទីផ្សារកម្ពុជា មានការចំណាយច្រើន អ្វីដែលសំខាន់នោះ គឺត្រូវមានឃ្លាំងបង្កកត្រឹមត្រូវបើក ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរក្សាគុណភាពសាច់ ហើយសូម្បីតែរថយន្តដែលដឹកនាំចូលមក ក៏ត្រូវតែមានទូសម្រាប់បង្កដឹកតាមផ្លូវដែរ មិនដូចឈ្មួញដែលនាំចូលដោយខុសច្បាប់ និងមិនមានទូរបង្កកត្រឹមត្រូវនោះទេ ។
លោកស្រីសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចាត់វិធានការហាមឃាត់ឲ្យបានតឹងរ៉ឹងចំពោះក្រុមឈ្មួញ ឬក្រុមហ៊ុន ក៏ដូចជាឈ្មួញដែលនាំចូលសាច់បង្កដោយខុសច្បាប់ ឬខូចគុណភាពទាំងនោះ ។ លោកស្រីក៏សូមអំពាវនាវឲ្យប្រជាពលដ្ឋកុំមានការខ្លាចក្នុងការបរិភោគសាច់បង្កកដែលមានគុណភាព ដោយត្រូវចេះពិនិត្យលើកត្តាមួយចំនួនដូចជា ការជ្រើសរើសរកក្រុមហ៊ុននាំចូល ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចេះពិនិត្យមើលលើការទុកដាក់សាច់បង្កកស្របតាមលក្ខខណ្ឌបច្ចេកទេស តាមស្តង់ដា ព្រមទាំងការជ្រើសរើសដៃគូផ្គត់ផ្គង់ដែលអាចទុកចិត្តបានជាដើម ។
សូមជម្រាបថា មកដល់ពេលនេះ ការហាមឃាត់នាំចូលចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ចំនួន ៨មុខ គឺមិនទាន់បញ្ចប់នៅឡើយ ពោលគឺបញ្ចប់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។ ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញនៅតែមានការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលត្រូវបានហាមឃាត់ខាងលើ ចូលមកកម្ពុជា ពិសេស កំពុងលក់ចែកចាយបោះដុំពេញបណ្តាញសង្គមថែមទៀតផង សង្ឃឹមថា ជំនាញពាក់ព័ន្ធនឹងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ៕