ថ្លើមធំពាសមេឃ ឧកញ៉ាអ៊ាង ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម÷អាចនិយាយបានថា ជាព្រឹត្តិការណ៍បំពានច្បាប់ដ៏ធំមួយដែលបុរសម្នាក់គេស្គាល់ថា ឈ្មោះអ៊ាង បានចាក់ដីប៉ុនប៉ងលុបទន្លេមេគង្គចូលចម្ងាយជាង៥០ ម៉ែត្រនិងបណ្ដោយចិត្ត 100 ម៉ែត្រ នៅចំណុចភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅនៅតាមបណ្ដាញសង្គម ហើយអាជ្ញាធរខេត្តកំពង់ចាមក៏បានកោះប្រជុំក្នុងរឿងនេះដែរ។ វិធានការជាបន្ទាន់ គឺឲ្យផ្អាកសកម្មភាពនិងកាយចេញ ប៉ុន្តែវិធានការយូរអង្វែងមិន ដឹងថា តើត្រូវចាប់អ្នកប្រព្រឹត្តល្មើសផ្តន្ទាទោសដែរឬយ៉ាងណាទេ?
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីចាក់ថ្មចូលទៅ លើផ្ទៃទឹកទន្លេមេគង្គ ព័ទ្ធធ្វើជាគ្រឹះរួចចាក់ដីបន្ថែមដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ស្ថិតនៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដែលអាជ្ញាធរខេត្តកំពង់ចាម មិនគួរមានតែវិធានការ ត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យកាយចេញនោះទេ។ ផ្ទុយទៅវិញ គួរតែចាត់វិធានការតាមផ្លូវច្បាប់បញ្ជូនបុគ្គលពាក់ព័ន្ធ ទៅតុលាការទើប សមនឹងទង្វើដែលពួកគេបានធ្វើ។ បើច្បាប់មានហើយ ចំពោះអ្នក ប្រព្រឹត្តល្មើស គួរតែត្រូវអនុវត្តឲ្យបានតឹង តែងបំផុត មិនមែនដោយការយោគយល់បែបនេះទេ។
គួរបញ្ជាក់ថា រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកកំពង់ចាមលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ដ ដេីម្បីត្រួតពិនិត្យ និងដាក់ចេញវិធានការទប់ ស្កាត់ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅចំណុចឃុំឫស្សី ស្រុក ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។ កិច្ចប្រជុំនោះបានជំរុញឲ្យជនប្រព្រឹត្តល្មើសច្បាប់ប្រទេសនេះ បញ្ឈប់សកម្មភាព ហើយត្រូវកាយថ្មនោះចេញវិញ ដោយមិនមានទោសកំហុសប្រឈមនឹងផ្លូវច្បាប់អ្វីឡើយ។
អ្នកភូមិនិយាយថា លោកអ៊ាង គឺជាជនដែលមានមុខ មាត់ហើយក៏ជាអ្នកមានលុយនៅតំបន់នោះ និងជាអ្នកដែលជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពង់ចាមដូច្នេះបើទោះបីជាគាត់មានទោសកំហុសយ៉ាងណា ក៏គេមិនអាចចេះតែអនុវត្តច្បាប់ទាំងទទឹងទទែងនោះបានឡើយ។ មិនតែប៉ុណ្ណោះគម្រោងនៃការចាក់ដីរំលោភយកផ្ទៃទន្លេមេគង្គសម្បត្តិរួមរបស់ប្រជាជាតិខ្មែរនេះ ក៏ទំនងទៅមានការបិទភ្នែកបត់ដុំដៃ ពីអាជ្ញាធរស្រុកស្រីសន្ធររួចហើយដែរ មិនមែនលោក អ៊ាង ចេះតែនឹកឃើញធ្វើម្នាក់ឯងនោះឡើយ។ ដូច្នេះបើអនុវត្តច្បាប់គេជឿថាមានជនចូលរួមចំណែកច្រើនក្នុងរឿងនេះប៉ុន្តែទំនងជាអាជ្ញាធរខេត្តកំពង់ចាម "ខ្ជិល" ពន្លាតខ្សែវែងនាំតែពាក់ព័ន្ធដល់គ្នីគ្នាឯង៕
ទំនាក់ទំនងផ្ដល់ព័ត៌មាន: 016888182