» សូមភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ “
សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។
ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕