សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជន ជនជាតិចិន(តៃវ៉ាន់) ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៤០ នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោក ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់)។ ចាប់យកវត្ថុតាង ៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម និងទូរស័ព្ទ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕