» ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ផ្តល់អនុសាសន៍អោយអ្នកសារព័ត៌មានអនុវត្តវិជ្ជាជីវៈអោយបានត្រឹមត្រូវ ជៀសវាងការប្តឹងផ្តល់ “
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រមកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានអោយអនុវត្តវិជ្ជាជីវៈនិងក្រមសីលធម៌អោយបានត្រឹមត្រូវ ជៀសវាងការប្តឹងផ្តល់ ខណៈការបើកនីតិកាលទី៧ នេះ ឃើញថា ក្រសួងព័ត៌មានបានទទួលពាក្យបណ្តឹងប្តឹងអ្នកសារព័ត៌មានជិត១០បណ្តឹងហើយ ។
អនុសាសន៍របស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ នាពេលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធការិយាល័យ «សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព» នៅបុរីឡេង ណាវ៉ាត្រា ផ្ទះលេខAI58 ផ្លូវលេខ32B សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍អំពីកិច្ចការងារស្នូលក្នុងវិស័យសារព័ត៌មាន ដែលនៅពេលនេះ ក្រសួងព័ត៌មានកំពុងតាក់តែងសេចក្តីព្រៀង «ក្រមសីលធម៌ជាតិ» មួយ ដែលកំណត់ឈប់អោយមានក្រមសីលធម៌តាមការតាក់តែងរបស់សមាគមរៀងៗខ្លួនទៀតហើយ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ទៀតថា តាមការណែនាំរបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាស់ គឺ ការបើកវិទ្យាស្ថានមួយដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មាន អោយទទួលបានចំណេះដឹងពិតប្រាកដអំពីវិស័យសារព័ត៌មាន ខណៈ ដែល ឯកឧត្តម លើកឡើងថា អ្នកសារព័ត៌មាន អាចប្រមាណ80% បានរៀនចេះតគ្នា ដោយមិនបានចូលសាលាបណ្តុះបណ្តាលអោយបានត្រឹមត្រូវនោះទេ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ទៀតថា វិស័យសារព័ត៌មាន គឺ ជាវិស័យអាទិភាពក្នុងសង្គមទី១ ជាវិស័យអាទិភាពក្នុងសង្គមនយោបាយ ជាវិស័យអាទិភាពទី៤នៃអំណាច ផងដែរ ។ ដូច្នេះ ហើយ បើសិនជាអ្នកសារព័ត៌មានមិនមានការបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រមសីលធម៌អោយបានត្រឹមត្រូវនោះទេ យើងប្រាកដជាអនុវត្តវិជ្ជាជីវៈមានការឆ្គាំឆ្គង និង រងនូវពាក្យបណ្តឹងជាក់ជាមិនខាន ។
ទោះបីយ៉ាងណា ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ លើកឡើងទៀតថា ក្រសួងព័ត៌មានតែងតែណែនាំ អប់រំ និង បណ្តុះបណ្តាល ព្រមទាំង ជួយអ្នកសារព័ត៌មានដែលជាកូនចៅគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ អោយតែអ្នកសារព័ត៌មានយើងគោរពនិងអនុវត្តអោយបាននូវ វិជ្ជាជីវៈនិងក្រមសីលធម៌ របស់ខ្លួនអោយបានល្អ ។
ដោយឡែក ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីភាពនិងបានផ្តល់អនុសាសន៍ល្អៗសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលជាសមាជិករបស់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ។
ជាមួយគ្នានេះ លោក ជុច វី អនុប្រធានទី១សមាគម បានលើកឡើងថា ស្របជាមួយការសម្ពោធការិយាល័យថ្មីរបស់សមាគមនាពេលនេះ ក៏ជាខួបគម្រប់១ឆ្នាំនៃការដំណើរការរបស់សមាគម ផងដែរ ខណៈ ក្រោមការណែនាំ ផ្តួចផ្តើមគំនិត និង តម្រង់ទិស របស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ឃើញថា សមាគម បានដំណើរការយ៉ាងរលូននិងប្រកបដោយផ្លែផ្កា ហើយរហូតមកទល់ពេលនេះ សមាជិកប្រមាណ៣៥០នាក់ ហើយ ដែលបានដាក់ពាក្យស្នើសុំចូលជា សមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ៕