ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ App «NoDrug» សំដៅលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រើប្រាស់កម្មវិធីទូរស័ព្ទ App «NoDrug» ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើត និងដាក់ដំណើរការជាផ្លូវការ ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្សឲ្យទាញយក និងប្រើប្រាស់ឲ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ។
ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងមានសារៈសំខាន់នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមធ្វើការណែនាំ និងអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី ខេត្ត អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ គ្រឹះស្ថានសិក្សាអប់រំគ្រប់លំដាប់ទាំងរដ្ឋ និងឯកជន សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការជាតិ និងអន្តរជាតិ មហាជនទូទៅទាំងអស់ ជាពិសេស យុវជន យុវនារី សិស្ស និងនិស្សិត សូមចូលរួមទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះ និងប្រើប្រាស់ឲ្យបានទូលំទូលាយគ្រប់ៗគ្នា។
ការប្រើប្រាស់កម្មវិធីនេះ ដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាច ឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
ការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug គឺមានន័យថា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕