ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគិនក្នុងប្រទេស បានអញ្ជើញទៅទស្សនកិច្ចនៅ កូរ៉េខាងត្បូង ដើម្បីស្វែងយល់ និងស្វែងរកឱកាសទាក់ទាញវិនិយោគិនបរទេសមកធ្វើជាដៃគូវិនិយោគនៅកម្ពុជា
សេអ៊ូល៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយអ្នកវិនិយោគិនក្នុងប្រទេស បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចំនួន ៩ថ្ងៃ ដើម្បីស្វែងយល់បច្ចេកវិទ្យាថ្មីៗ និង ស្វែងរកឱកាសទាក់ទាញវិនិយោគិនបរទេសមកធ្វើជាដៃគូវិនិយោគនៅកម្ពុជា។
សមាសភាពចូលរួមមាន មន្ត្រីប្រតិភូ ដែលមានថ្នាក់ដឹកនាំនៃក្រសួងមុខងារសធារណៈ និងថ្នាក់ដឹកនាំនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមក្រុមសហគ្រិនក្នុងស្រុកដទៃទៀត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លី សំណាង តំណាងអ្នកវិនិយោគ មកពីក្រុមហ៊ុន អប្សារា ហ្គាមេន ផងដែរ។
លោក លី សំណាង តំណាងអ្នកវិនិយោគមកពីក្រុមហ៊ុន អប្សារា ហ្គាមេន បានប្រាប់សារព័ត៌មាន CAN ឲ្យដឹងថា៖ ដំណើរទសន្សនកិច្ចនៅប្រទេសកូរ៉េ នេះមានរយៈពេល ៩ថ្ងៃ ក្នុងគោលបំណងដូចជា៖ ទី១. ទស្សនកិច្ចមជ្ឍមណ្ឌល DyeTech, ទី២. ចុះទស្សនកិច្ច នៅមន្ទីរពិសោធន៍ និងក្រុមហ៊ុនផលិតក្រណាត់ ក្នុងសួនឧស្សាហកម្ម DaeGu, ៣. ទស្សនកិច្ច និងជំនួបជាមួយក្រុមវិនិយោគក្រុមហ៊ុនកូរ៉េ, ៤.ទស្សនកិច្ចសមាគមន៍ វិស័យវាយនភ័ណ្ឌ និងច្នៃម៉ូតកូរ៉េ, ៥. ទស្សនកិច្ចសារមន្ទីរវាយនភ័ណ្ឌកូរ៉េ និងទី៦នេះ កំពុងបន្តទៅចូលរួមពិព័រអន្តរជាតិជាច្រើន នៃផ្នែកសំលៀកបំពាក់ស្បែកជើង ការច្នៃម៉ូតនិងបច្ចេកវិទ្យាសំលៀកបំពាក់ ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។
លោកក៏បានបញ្ជាក់ដែរថាដំណើរទសន្សកិច្ចនេះ គឺជាជំនួយក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសមាគមន៍វាយនភ័ណ្ឌកូរ៉េ តាមរយៈគំរោង TASK (Technology Advance & Solution from KOREA) ដែលសំរបសំរួលដោយ មជ្ឈមណ្ឌល DyeTech ! សព្វថ្ងៃគំរោងនេះកំពុងដំណើរការជាមួយប្រទេសកំពុងអភិវឌ្ឍចំនួន៥ ។
សូមបញ្ជាក់ថា DyeTech គឺជាមជ្ឍមណ្ឌលស្រាវជ្រាវ និង បណ្តុះបណ្តាលបច្ចេកទេសលើវិស័យវាយនភ័ណ្ឌរបស់កូរ៉េ ដោយការស្រាវជ្រាវលើផ្នែកវាយនភ័ណ្ឌនៅទីនេះ មិនផ្តោតតែលើសំលៀកបំពាក់នោះទេ តែផ្តោចលើ Fiber ដែលគេអាចផលិតជាខោអាវដែល ផ្សារភ្ជាប់ជាមួយឧស្សាហកម្ម 4.0
ដូចជា៖ ផលិត Fiber ធ្វើជាខោអាវដែលភ្ជាប់ជាមួយ Sensor ផ្តល់ពត៌មានទៅ ទិន្នន័យ Cloud និងរុញការវិភាគស្ថានភាពសុខភាពទៅមន្ទីរពេទ្យ, ផលិត Fiber ដែលអាចធ្វើជាឆ្អឹង ឬបេះដូងសប្បនិមិត្ត, ផលិត Fiber ដែលយកទៅធ្វើផលិតផលគ្រឿងសំអាង, ផលិត Fiber យកទៅធ្វើកង់ឡាន សំលៀកបំពាក់ឯកទេស និងសំភារៈជាច្រើនទៀត ។
ដោយឡែក ក្នុងជំនួបពិភាក្សាជាមួយក្រុមវិនិយោគិនកូរ៉េ ភាគីវិនិយោគិនកូរ៉េមានចំណាប់យ៉ាងខ្លាំង ជាមួយនិងសក្តានុពល របស់ប្រទេសកម្ពុជា, គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល, សមាសភាព សក្តានុពល និងភាពជា ដៃគូនៃក្រុមអ្នកវិនិយោគក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចពិភាក្សានោះភាគីប្រទេសកូរ៉េខាងត្បូងក៏បានលើកឡើងភ្លាមៗដែរថា អ្នកវិនិយោគិនរបស់កូរ៉េខាងត្បូង នឹងធ្វើទសន្សកិច្ចមកកាន់កម្ពុជា ដើម្បីពិនិត្យគំរោងវិនិយោគក្នុងពេលឆាប់ៗខាងមុខ៕