ដឹងមូលហេតុបណ្ដាលឲ្យផ្ទុះគ្រាប់បេ៤១ ធ្វើឱ្យមនុស្ស៦នាក់ បានស្លាប់និងរបួស នៅខេត្តមណ្ឌលគិរី
យោងតាមការបំភ្លឺរបស់ជនរងគ្រោះដែលរួចផុតជីវិត ឈ្មោះ តែក ខ្លូន រៀបរាប់ថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ខ្លួននិងគ្រួសារ បានទៅរើសជ័រពីចំណុចត្រពាំងតុង រហូតដល់ចំណុចភ្នំអន្ទង់ ក៏បាននាំគ្នាសម្រាកក្រោមដើមឈើ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកខ្លួនបានដឹកដៃកូនស្រីដើរចេញពីទីនោះប្រហែលបាន៦-៧ម៉ែត្រ ក៏បានលឺឈ្មោះ ដា សា (កូន) បានសួរទៅ ឈ្មោះ ធើប ក្លេវ (ឱពុកក្មេក) ថា: នេះជាអ្វី? ឈ្មោះ ធើប ក្លេវ ក៏បានប្រាប់ថា “នេះជារបស់ចាស់ពីបុរាណមក” សួររួចស្រាប់តែគ្រាប់ក៏បានផ្ទុះ បណ្ដាលឱ្យខ្លួននិងកូនស្រីរងរបួស និងឃើញជនរងគ្រោះទាំង៤នាក់ទៀតដែលសម្រាកនៅគល់ឈើនោះ ក៏ឃើញថាអ្នកទាំង៤នាក់ បានស្លាប់បាត់ទៅហើយ ទើបជនរងគ្រោះម្ដាយនិងកូនដែលរួចជីវិតដើរត្រលប់មកភូមិវិញ ដើម្បីឱ្យគេជួយអន្តរាគមន៍។
ក្រោយកើតហេតុ ក្រុមគ្រូពេទ្យបានចុះទៅធ្វើការសង្គ្រោះ ចំណែកកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ បានឃើញសពជនរងគ្រោះប្រុសស្រីទាំង០៤នាក់ ស្លាប់យ៉ាងអាណោចអាធម្ម និងពិនិត្យបំបែងគ្រាប់បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះគឺគ្រាប់បេស៤១ ។
ចំពោះសពប្រុសស្រីចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋធ្វើការបញ្ចុះ នៅទីតាំងម្ដុំកើតហេតុ នោះតែម្ដង ដោយសារអបិយជំនឿជនជាតិដើមភាគតិចព្នង មិនឱ្យនាំយកសពមកតម្កល់ធ្វើបុណ្យប្រពៃណីនៅក្នុងភូមិឡើយ ព្រោះគេយល់ថាសពស្លាប់បែបនេះ គឺនាំគ្រោះភ័យមកកាន់ភូមិ ។
ជនរងគ្រោះដែលស្លាប់ទី១ ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ទី២ ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ និងទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ។ ចំណែកអ្នករងរបួសទី១ ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ និងទី២ ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ។
ជនរងគ្រោះទាំងអស់ ជាជនជាតិដើមភាគតិចព្នង និងជាក្រុមគ្រួសារ មានឪពុក ប្ដី និងកូន របស់ស្ដ្រីរងគ្រោះដែលរួចផុតជីវិត ៕