ទីតាំងល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមស្លាកយីហោ ឡៃលី ក្លឹបប៊ីយ៉ា កំពុងដំណើរការយ៉ាងរលូនមិនបង្កការរំខានដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយ
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមស្លាកយីហោ ឡៃលី ក្លឹបប៊ីយ៉ា កំពុងដំណើរការយ៉ាងរលូនមិនបង្កការរំខានដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយ ខណៈភ្ញៀវដែលចូលទៅលេងសុទ្ធសឹងជាជនជាតិចិន ស្ថិតនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវ១១៣K ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ...។
ប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានរាយការណ៍មកកាន់ការិយាល័យអង្គភាពសារព័ត៌មាន AK News នៅល្ងាចថ្ងៃទី១កក្កដា ឆ្នាំ២០២៤ បង្ហាញថា ទីតាំងខាងលើ បើមើលពីខាងក្រៅជាកន្លែងលេងស្នុកឃើ ប៉ុន្ដែអ្វីដែលគួរចាប់អារម្មណ៍នោះ គឺតាមបន្ទប់នីមួយៗមានរៀបចំជាពិសេស ពោលគឺមានតុសម្រាប់លេងល្បែងស៊ីសង ប្រៀបបាននឹងកាស៊ីណូទៅហើយ ខណៈភ្ញៀវដែលចូលទៅលេងភាគច្រើនសុទ្ធសឹងជាជនបរទេស(ជនជាតិចិន) ចេញចូលជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងបន្តថា ជនជាតិចិនបាននាំគ្នាចូលទៅលេងល្បែងស៊ីសងក្នុង ឡៃលី ក្លឹបប៊ីយ៉ា ទាំងយប់ទាំងថ្ងៃ ពោលគឺ២៤ម៉ោងលើ២៤ម៉ោង ដោយមានពេលខ្លះ ពួកគេជួបជុំគ្នាផឹកស៊ីលេងល្បែងសើចសប្បាយ មិនបារម្ភពីការចុះបង្ក្រាបរបស់សមត្ថកិច្ចឡើយ ព្រោះម្ចាស់ទីតាំងខាងលើបានបង់ប្រាក់ប្រចាំខែឱ្យអាជ្ញាធរមូលដ្ឋានជាថ្នូរនឹងការអនុញ្ញាតឱ្យបើកល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
ទោះជាយ៉ាងណា ជុំវិញករណីខាងលើ អង្គភាពសារព័ត៌មាន AK News បានព្យាយាមសុំការបំភ្លឺពី លោក ម៉ម វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈទូរសព្ទដៃ និងតាមប្រព័ន្ធសារតេឡេក្រាមដែរ ប៉ុន្តែមិនអាចទាក់ទងបាន និងគ្មានការឆ្លើយតបត្រឡប់មកវិញឡើយគិតត្រឹមព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។ អង្គភាពសារព័ត៌មាន AK News នឹងរង់ចាំការបំភ្លឺពីមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋដែលថា ករណីគ្មានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើ ក៏ព្រោះតែមន្ត្រីអាជ្ញាធរមូលដ្ឋានបានទទួលប្រាក់សំណូកក្រោមតុ ទើបអនុញ្ញាតឱ្យមានការលួចបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងរលូនបែបនេះ និងក៏ដើម្បីលាងជម្រះមន្ទិលសង្ស័យរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕