សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែពិភពដីមាស និងក្រុមអង្គរក្សចំនួន ១៣នាក់
សមត្ថកិច្ចបានឃាត់ខ្លួនថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ការនាំខ្លួននេះ គែតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ ការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ប្រាប់ប្រយុទ្ធមុននេះថា "មុននេះបន្តិចកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែដីឡូត៌ពិភពដីមាស។ ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យើងបាននាំខ្លួនមនុស្សចំនួន ១៤នាក់ ដែលពាក់ព័ន្ធគឺម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ដែលបានរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច។ ឥឡូវនាំយកមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម"។