ស្លាប់៥នាក់ របួសធ្ងន់ស្រាល៩នាក់ ករណីក្រឡាប់គោយន្តកន្ត្រៃយ៍ចុះពីច្រកព្រំដែនជប់គគីរ ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំណែក៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយករណីក្រឡាប់គោយន្តកន្ត្រៃយ៍ ពេលបើកបរចុះផ្លូវចំណោត ពីច្រកព្រំដែនជប់គគីរ ចំណុចផ្លូវកោងតារើន ក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មុនពេលកើតហេតុគោយន្តកន្ត្រៃយ៍ខាងលើ មានផ្ទុកមនុស្សចំនួន១៤នាក់ បើកបរឡើងភ្នំជប់គគីរទៅច្រកព្រំដែន ដើម្បីចូលផ្សារថៃទិញទំនិញ លុះទិញរួចក៏បើកត្រឡប់មកវិញ ប៉ុន្តែដោយសារផ្លូវចុះចំណោត ហើយគោយន្តបើកលឿនទៀតនោះ មកដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរណូករណែល។
ក្រោយហេតុការកើតឡើង សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើត ដើម្បីជួយសង្រ្គោះអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ត្រូវបានសែងមកដាក់លើផ្លូវ ដើម្បីទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកបញ្ជាក់ថា ករណីនេះស្លាប់មនុស្ស៥នាក់ ស្រីទាំងអស់ និងរបួសធ្ងន់៧នាក់ របួសស្រាល២នាក់ផងដែរ។
ចំពោះអ្នកស្លាប់ទាំង៥នាក់ និងអ្នករបួសចំនួន៩នាក់ទៀត ជាប្រជាពលរដ្ឋរស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕